(បាងកក)៖ ក្រុមមន្រ្តីប៉ូលិសនិងយោធាថៃ បានឱ្យដឹងថា ទាហានថៃម្នាក់ បានសម្លាប់ទាហាន២នាក់ផ្សេងទៀត និងបង្កឱ្យរបួសម្នាក់ ក្នុងសកម្មភាពបាញ់ប្រហារមួយ ដែលបានកើតឡើងនៅទីបញ្ជាការដ្ឋានយោធាមួយកន្លែង ក្នុងរាជធានីបាងកក នាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

យោធាថៃបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា លោក យ៉ុងយុទ្ធ មុងកនគីម (Yongyuth Mungkornkim) មានឋានន្តរសក្ដិជា ពលបាលឯក និងមានតួនាទីជាមន្រ្តីរដ្ឋបាលនៅសាលាយោធា Royal Thai Army War College នៃទីបញ្ជាការដ្ឋានបណ្តុះបណ្តាលយោធា Army Training Command ក្នុងទីក្រុងបាងកក បានទាញកាំភ្លើងបាញ់ទៅលើ មន្រ្តីយោធា៣នាក់ កាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃចន្ទនេះ។

បើតាមអ្នកនាំពាក្យប៉ូលិសថៃ ខ្មាន់កាំភ្លើងខាងលើមានវ័យ៥៩ឆ្នាំ ហើយបានព្យាយាមរត់គេចខ្លួន ប៉ុន្តែដល់ម៉ោងប្រមាណ១០ព្រឹក ជននោះក៏បានប្រគល់ខ្លួនឱ្យសមត្ថកិច្ចថៃ ខណៈមូលហេតុនិងចេតនា នៅពីក្រោយហេតុការណ៍នេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត។ សម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងរបួស គឺសុទ្ធតែមានឋានន្តរសក្ដិជា ពលបាលឯក។ បើតាមការស៉ើបអង្កេតជាបឋម កាំភ្លើងដែលត្រូវបានប្រើប្រាស់ ក្នុងសកម្មភាពបាញ់ប្រហារ គឺជាកាំភ្លើងខ្លីប្រភេទ៩មីលីម៉ែត្រ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ទាហានថៃម្នាក់បានបាញ់សម្លាប់មនុស្ស ២៩នាក់ ក្នុងហេតុការណ៍ដែលបានអូសបន្លាយពេល ដល់ទៅ១៧ម៉ោង ខណៈមនុស្សជាច្រើននាក់ ក៏បានរងរបួសផងដែរ មុនពេលជនរូបនោះ ត្រូវបានកងកម្លាំងពិសេសបាញ់សម្លាប់៕