Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៉ីសម្រេចជំនួសទោសប្រហារជីវិត ដោយការដាក់ទោសតាមវិធីផ្សេង សម្រាប់បទល្មើសមួយចំនួន (Video inside)

14-09-2022 13:47

(គូឡាឡាំពួ)៖ លោក វ៉ាន់ ជូនណៃឌី (Wan Junaidi) រដ្ឋមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីម៉ាឡេស៉ី នៅថ្ងៃពុធនេះ បានប្រកាសថា រដ្ឋាភិបាលម៉ាឡេស៉ីបានសម្រេចចិត្តថា នឹងជំនួសការផ្តន្ទាទោសប្រហារជីវិត ដោយការដាក់ទោសតាមមធ្យោបាយផ្សេងវិញ សម្រាប់បទល្មើសមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

លោក វ៉ាន់ ជូនណៃឌី ក៏បានប្រកាសពីការពន្យារពេលអនុវត្តទោស សម្រាប់ទណ្ឌិតចំនួន១,៣៣៧នាក់ ដែលកន្លងមកត្រូវបាន ផ្តន្ទាទោសប្រហារជីវិតផងដែរ។ យោងតាមការអះអាងរបស់លោក ការសម្រេចចិត្តខាងលើ នឹងត្រូវដាក់ជូនគណៈរដ្ឋមន្រ្តី ដើម្បីឆ្លងការអនុម័ត។ ការជជែកដេញដោលលើកទី១ ជុំវិញសេចក្តីព្រាងនោះ ត្រូវគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី៤ ខែតុលា និងលើកទី២ នៅថ្ងៃទី២២ ខែវិច្ឆិកា។

កាលពីខែមិថុនាកន្លងទៅ លោក វ៉ាន់ ជូនណៃឌី ធ្លាប់បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៉ីបានព្រមព្រៀងលុបបំបាត់ចោល ទោសប្រហារជីវិតជាកាតព្វកិច្ច ហើយវានឹងត្រូវជំនួសដោយ ប្រភេទនៃការដាក់ទោសដទៃទៀត យោងទៅតាមការសម្រេចរបស់តុលាការ។

គួរបញ្ជាក់ថា បើតាមអង្គការលើកលែងទោសអន្តរជាតិ បច្ចុប្បន្នទោសប្រហារជីវិត គឺតម្រូវជាកាតព្វកិច្ច ឬក៏ជាជម្រើសផ្តន្ទាទោសមួយ សម្រាប់បទល្មើសសរុបចំនួន៣៣ នៅក្នុងប្រទេសម៉ាឡេស៉ី។ បទឧក្រិដ្ឋនានា ដែលប្រឈមការដាក់ទោសប្រហារជីវិត នៅក្នុងប្រទេសអាស៊ានមួយនេះ រួមមានដូចជាឃាតកម្ម, ការរត់ពន្ធគ្រឿងញៀន, ភេរវកម្ម, ការចាប់ជំរិត និងការកាន់កាប់អាវុធខុសច្បាប់ ជាដើម៕