Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះករណីបាញ់ប្រហារនៅមូលដ្ឋានយោធា ក្នុងទីក្រុងបាងកកនៃប្រទេសថៃ បង្កឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់របួស (Video inside)

14-09-2022 13:08

(បាងកក)៖ ប៉ូលិសនៅប្រទេសថៃបានឱ្យដឹងថា នាថ្ងៃពុធនេះខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារបណ្តាលឱ្យ មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស កំលុងហេតុការណ៍ដែលបានកើតឡើង នៅមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យប៉ូលិសថៃ លោក គីស្នា ផាថាណាចារឿន (Kissana Phathanacharoen) បានប្រាប់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនហើយ ក្នុងករណីបាញ់ប្រហារខាងលើ បានកើតឡើងនៅទីបញ្ជាការដ្ឋានហ្វឹកហ្វឺនយោធា ក្នុងរាជធានីបាងកក។

យោងតាមលោក គីស្នា ហេតុការណ៍នោះបានបង្កឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទទួលរងរបួស ខណៈកម្លាំងប៉ូលិសបានមក គ្រប់គ្រងស្ថានការណ៍ភ្លាមៗ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ បានរាយការណ៍ថា ជនសង្ស័យគឺជាយោធិន ប៉ុន្តែដើមចម ដែលបណ្តាលឱ្យផ្ទុះការបាញ់ប្រហារបែបនេះ គឺមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ទាហានថៃម្នាក់បានបាញ់សម្លាប់មនុស្ស ២៩នាក់ ក្នុងហេតុការណ៍ដែលបានអូសបន្លាយរយៈពេល ដល់ទៅ១៧ម៉ោង ខណៈមនុស្សជាច្រើននាក់ ក៏បានរងរបួសផងដែរ មុនពេលជនរូបនោះ ត្រូវបានកងកម្លាំងពិសេសបាញ់សម្លាប់៕