(ប៉េកាំង)៖ ព្យុះទីហ្វុងឈ្មោះ មុយហ្វា (Muifa) បានបង្កើនឥទ្ធិពលនៅក្នុងសមុទ្រចិនខាងកើត នៅថ្ងៃពុធនេះដោយបង្ខំឲ្យអាជ្ញាធរសម្រេចលុបចោលជើងហោះហើរ រាប់រយ នៃទីក្រុងសៀងហៃ ខណៈកំពុងគំរាមកំហែងដល់កំពង់ផែដ៏មមាញឹករបស់ទីក្រុងនីងបូ (Ningbo) និងស៊ូសាន (Zhoushan)។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។
រដ្ឋបាលឧតុនិយមចិនបានឲ្យដឹងថា ខេត្តហ្សេជាំង (Zhejiang) កំពុងបង្កើនកម្រិតប្រកាសអាសន្ន ដើម្បីត្រៀមឆ្លើយតបបន្ទាន់នៃព្យុះទីហ្វុង ស្របពេលព្យុះ Muifa ត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅភាគពាយព្យ ក្នុងល្បឿនពី ២០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ២៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងកាន់តែខ្លាំងឡើងថែមទៀត នៅពេលទៅដល់តំបន់ឆ្នេរភាគខាងត្បូងនៃទីក្រុងស៊ូសាន។
អាជ្ញាធរខេត្តហ្សេជាំង បានចេញ «ការព្រមានកម្រិតពណ៌ក្រហម» សម្រាប់ទឹកជំនន់ដែលអាចកើតឡើងភ្លាមៗ នៅក្នុងតំបន់មួយចំនួន ព្រមទាំងហានិភ័យខ្ពស់នៃ ការជន់លិចទឹកទន្លេនៅភាគឦសាន ភាគខាងកើត និងខាងជើងនៃខេត្ត រួមទាំងទីក្រុងសៀងហៃ តំបន់ភាគខាងត្បូងនៃជាំងស៊ូ (Jiangsu) និងកន្លែងផ្សេងទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ជើងហោះហើរជាង ៥០ភាគរយនឹងត្រូវកាត់បន្ថយ ឬលុបចោល នៅឯអាកាសយានដ្ឋានសៀងហៃ ពូដុង (Shanghai Pudong) និងនៅអាកាសយានដ្ឋានហុងកៅ (Hongqiao) នៅថ្ងៃពុធនេះ ដែលមានការកក់ជើងហោះហើរចំនួន ៥៨៩រួចទៅហើយនោះ។ ចំណែកឯ ជើងហោះហើរនៅឯ អាកាសយានដ្ឋាន ស៊ូ សាន និង នីងបូ ក៏ត្រូវបានលុបចោលផងដែរ។
យោងតាមព្យាករណ៍ ព្យុះ Muifa ត្រូវបានគេរំពឹងថានឹងបោកបក់នៅរសៀលថ្ងៃពុធ ឬយប់ (ម៉ោងនៅប៉េកាំង) ហើយទីក្រុងសៀងហៃបានចេញការព្រមានមួយសម្រាប់ ខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តធ្លាក់រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕