(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៊ីបានផ្ញើប្រាក់យ៉ាងហោចណាស់ ៣០០លានដុល្លារ ដោយសម្ងាត់ទៅឲ្យគណបក្សនយោបាយនៅឯបរទេស និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងប្រទេសជាច្រើន ចាប់តាំងពីឆ្នាំ២០១៤ មក ក្នុងគោលបំណងដើម្បី ទទួលបានឥទ្ធិពលនៅក្នុងប្រទេសទាំងនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកមួយរូបបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃថាទាំងនេះគឺជាតួលេខអប្បបរមា ហើយរុស្ស៊ីទំនងជា បានផ្ទេរមូលនិធិបន្ថែមដោយសម្ងាត់ច្រើនជាងនេះ។ ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្រ្តីអាមេរិករូបនេះបានគូសបញ្ជាក់ថា «យើងគិតថា វាគ្រាន់តែជាចំនួនមួយតិចតួចប៉ុណ្ណោះ ដែលយើងបានរកឃើញ»។

បើទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតអំពីឈ្មោះប្រទេសជាក់លាក់ ប៉ុន្តែមន្ត្រីអាមេរិកខាងលើដដែលបានចោទប្រកាន់ថា រុស្ស៊ីបានចំណាយប្រាក់ប្រហែល ៥០០,០០០ដុល្លារ ដើម្បីគាំទ្រគណបក្សប្រជាធិបតេយ្យរបស់អាល់បានី នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ ហើយក៏មានគណបក្ស ឬបេក្ខជនឈរឈ្មោះនៅក្នុង ប្រទេសបូស្នៀ ម៉ុងតេណេហ្គ្រោ និងម៉ាដាហ្គាស្កា ផងដែរ៕