(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កំពុងពិចារណាលើជម្រើសសម្រាប់កញ្ចប់ទណ្ឌកម្មប្រឆាំងនឹងចិន ដើម្បីកំញើញកុំឱ្យទីក្រុងប៉េកាំងប្រើកម្លាំងយោធាលើតៃវ៉ាន់ ខណៈសហភាពអឺរ៉ុប ក៏កំពុងស្ថិតក្រោមសម្ពាធការទូតពីទីក្រុងតៃប៉ិ ឲ្យធ្វើដូចគ្នានេះដែរ។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។
ប្រភពដែលដឹងអំពីការពិភាក្សាគ្នានេះ បានប្រាប់ Reuters ថាកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិ មានការបញ្ចុះបញ្ចូលដាច់ដោយឡែកពីគ្នា ជាមួយ បេសកជនសហភាពអឺរ៉ុបចំនួន ២រូបនាក់ នៅដំណាក់កាលដំបូង ជាការឆ្លើយតបទៅនឹងក្តីបារម្ភថាចិនអាចនឹងប្រើកម្លាំងយោធាលើតៃវ៉ាន់ ចំពោះមុខភាពតានតឹង ដែលមានស្រាប់នៅច្រកសមុទ្រតៃវ៉ាន់។
លោកស្រី ណាហ្សាក់ នីខាក់ថា (Nazak Nikakhtar) អតីតមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហើបឲ្យដឹងថា «ការដាក់ទណ្ឌកម្មជាក់លាក់ លើប្រទេសចិន គឺយុទ្ធសាស្រ្តដ៏ស្មុគស្មាញជាងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយសារតែការជាប់ពាក់ព័ន្ធយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាមួយសេដ្ឋកិច្ចចិន»។ មិនទាន់មានការបញ្ជាក់លម្អិតពីកញ្ចប់ទណ្ឌកម្មខាងលើនោះទេ រីឯមន្ត្រីអាមេរិក និងមន្ត្រីមកពីប្រទេសដែលជាសម្ព័ន្ធមិត្ត របស់ក្រុងវ៉ាស៊ីនតោនបានអះអាងថាពួកគេកំពុងពិចារណាជម្រើសសម្រាប់កញ្ចប់ទណ្ឌកម្ម ដែលអាចធ្វើទៅបានប្រឆាំងនឹងប្រទេសចិន។
សេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញសេចក្តីរាយការណ៍នេះ។ ចំណែក ក្រសួងការបរទេសចិន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។ ការអំពាវនាវដោយមន្ត្រីកំពូលៗរបស់តៃវ៉ាន់ សម្រាប់ការរៀបចំទណ្ឌកម្ម បានកើនឡើងកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕