(រីយ៉ូ ឌឺ ហ្សានេរ៉ូ)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro) បាននិយាយថាលោកនឹងចូលនិវត្តន៍ពីនយោបាយ ប្រសិនបើលោក ចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែតុលាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

លោក បុលសូណារ៉ូ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ដាសន៍មួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ និងចំពេលការស្ទង់មតិបង្ហាញថាអតីតប្រធានាធិបតី ប្រេស៊ីល លោក លូឡា ដា ស៊ីលវ៉ា កំពុងមានសំឡេងគាំទ្រនាំមុខរូបលោក នៅមុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២ ខែតុលាចូលមកដល់។ លោក បុលសូណារ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើវាជាការចង់បានរបស់ព្រះជាម្ចាស់ ខ្ញុំនឹងបន្តកាន់តំណែងជាប្រធានាធិបតី ប៉ុន្តែបើមិនមែនទេ នោះខ្ញុំនឹងចូលនិវត្តន៍»។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់លោក បុលសូណារ៉ូ មានអាយុ ៦៧ឆ្នាំ គឺជាការផ្លាស់ប្ដូរមួយ ព្រោះកន្លងមកលោកផ្ទាល់បាននិយាយថាលទ្ធផលបោះឆ្នោត សម្រាប់រូបលោកមានតែ៣គត់ គឺជាប់គុក ស្លាប់ ឬឈ្នះ តែប៉ុណ្ណោះ៕