(មូស្គូ)៖ វិមានក្រឹមឡាំង បានឱ្យដឹងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបើកកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗ ជាច្រើនក្នុងនោះរួមមានទាំងសំណុំរឿងអ៊ុយក្រែន និងតៃវ៉ាន់ផងដែរ នៅឯជំនួបរវាងមេដឹកនាំទាំង២ ក្នុងប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊ី ជិនពីង នឹងចាកចេញពីប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ពោលគឺចាប់តាំងពីការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតកូវីដ១៩ មក សម្រាប់ដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល ជាទីដែលលោកនឹងត្រូវជួបជាមួយលោក ពូទីន។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងមូស្គូ នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក យូរី យូសាកូវ (Yuri Ushakov) បានបញ្ជាក់ថាលោក ពូទីន និងលោក ស៊ី ជិនពីង នឹងត្រូវពិភាក្សាលើរបៀបវារៈនៃទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិសំខាន់ៗក្នុងនោះរួមមានទាំងអ៊ុយក្រែន និងតៃវ៉ាន់ ព្រមទាំង ធ្វើការវាយតម្លៃពីកម្រិតខ្ពស់នៃការជឿទុកចិត្តគ្នាទៅវិញទៅមកមិនធ្លាប់មានពីមុនមកនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។
គួរបញ្ជាក់ថា លោក ពូទីន និងលោកស៊ី ជិនពីង នឹងត្រូវជួបមុខគ្នាដោយផ្ទាល់ នាឱកាសដែលមេដឹកនាំនៃប្រទេសទាំង២ ចូលរួមកិច្ចប្រជុំកំពូល អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងប្រទេសអ៊ូសបេគីស្ថាន៕