(បាងកក)៖ រដ្ឋបាលក្រុងបាងកកនៅថ្ងៃអង្គារ ទី១៣ ខែកញ្ញានេះ បានចេញការព្រមានអំពីភ្លៀងធ្លាក់ពីមធ្យមទៅច្រើន និងអាចនឹងមានទឹកជន់លិចចាប់ពីម៉ោង ៤រសៀលរហូតដល់ម៉ោង១១យប់ម៉ោងក្នុងស្រុក នៅទូទៅខណ្ឌទាំង១២។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
សេចក្តីជូនដំណឹងនេះធ្វើឡើង បន្ទាប់ពីផ្នែកជាច្រើននៃទីក្រុងត្រូវបានជន់លិច ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មូលហេតុចម្បងនៃទឹកជំនន់ គឺភ្លៀងធ្លាក់ច្រើនជាងធម្មតានៅក្នុង និងជុំវិញទីក្រុងបាងកកក្នុងឆ្នាំនេះ ដែលបានធ្វើឲ្យហើមទន្លេ និងបណ្តាលឱ្យមានទឹកជំនន់នៅក្នុងទីក្រុង។
លោក Chadchart បានបន្ថែមថា ឆ្នាំនេះអាកាសធាតុមានសភាពសើមខ្លាំង ប៉ុន្តែស្ថានភាពទូទៅនៅក្នុងទីក្រុងបាងកកកំពុងមានភាពប្រសើរឡើង។
យោងតាមនាយកដ្ឋានធារាសាស្ត្របានឲ្យដឹងថា បរិមាណទឹកភ្លៀងប្រចាំថ្ងៃជាមធ្យមនៅទីក្រុងបាងកក ក្នុងអំឡុងពេល១០ថ្ងៃដំបូង នៃខែកញ្ញាគឺមានកម្ពស់ ៩៦.៥មីលីម៉ែត្រ ធៀបនឹងជាមធ្យម ៥២.២មីលីម៉ែត្រក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅថ្ងៃទី១០ កញ្ញា ភ្លៀងធ្លាក់២៤ម៉ោង មានរហូតដល់១១២.៧មីលីម៉ែត្រ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល ៦ឆ្នាំ៕