(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ព្រមទាំងសមាជិកនៃគណៈប្រតិភូរុស្ស៉ី ទើបតែទទួលបានទិដ្ឋាការ សម្រាប់ការធ្វើដំណើរទៅចូលរួម មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) នៅឯទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ជាច្រើនសប្តាហ៍កន្លងមក រុស្ស៉ីបានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការមិនផ្តល់ទិដ្ឋាការដល់សមាជិកនៃប្រតិភូរុស្ស៉ី ដើម្បីចូលរួមសម័យប្រជុំលើកទី៧៧ នៃ UNGA ដែលចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុងញូយ៉ក នាថ្ងៃអង្គារនេះ។ សារព័ត៌មានរុស្ស៉ី Interfax ដែលស្រង់សម្តីក្រសួងការបរទេសរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «នៅថ្ងៃនេះ ទិដ្ឋាការទើបត្រូវបានផ្តល់ឱ្យលោក ឡាវរ៉ូវ ក៏ដូចជាក្រុមមន្រ្តីដែលនឹងអមដំណើររូបលោក»

ទីក្រុងមូស្គូបានចោទថា សហរដ្ឋអាមេរិកព្យាយាមរាំងខ្ទប់ការចូលរួមរបស់រុស្ស៉ី នៅក្នុងមហាសន្និបាត UN តាមរយៈការអូសបន្លាយពេលផ្តល់ទិដ្ឋាការឱ្យមករុស្ស៉ី។ នៅថ្ងៃអង្គារនេះ វិមានក្រឹមឡាំងរុស្ស៉ីក៏បាននិយាយដែរថា សហរដ្ឋអាមេរិករំលោភកាតព្វកិច្ចរបស់ខ្លួន តាមរយៈការមិនចេញទិដ្ឋាការដល់គណៈប្រតិភូរុស្ស៉ី៕