(ឡុងដ៍)៖ ប្រភពពីក្នុងជួររដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចក្រភពអង់គ្លេសមិនបានអញ្ជើញ អ្នកតំណាងមកពីប្រទេសរុស្ស៉ី បេឡារុស និងមីយ៉ាន់ម៉ា ឱ្យចូលរួមព្រះរាជពិធីបុណ្យ នៃព្រះសពរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ ដែលនឹងត្រូវប្រារព្ធឡើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ចក្រភពអង់គ្លេស រួមជាមួយក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានព្យាយាមធ្វើឱ្យរុស្ស៉ីនិងបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ស្ថិតនៅឯកោលើឆាកអន្តរជាតិ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងចំណាត់ការជាច្រើនផ្សេងទៀត ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ ចំណែកមីយ៉ាន់ម៉ានិងរដ្ឋាភិបាលយោធាវិញ គឺបានស្ថិតក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ខណៈទីក្រុងឡុងដ៍ប្រឹងប្រែងបង្កើនការគាំទ្រ សម្រាប់សហគមន៍ជនជាតិភាគតិចរ៉ូហ៉ីងយ៉ា នៅក្នុងប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា ឥស្សរជនបរទេសសរុបប្រហែល៥០០នាក់ ត្រូវគេរំពឹងថា នឹងមកចូលរួមពិធីបុណ្យសពម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត នៅទីក្រុងឡុងដ៍ ដោយលិខិតអញ្ជើញផ្លូវការត្រូវបានផ្ញើទៅកាន់ ប្រមុខរដ្ឋនៃប្រទេសជាច្រើន ដែលមានទំនាក់ទំនងការទូតជាមួយចក្រភពអង់គ្លេស។ មេដឹកនាំពិភពលោក មានចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រហូតដល់នាយករដ្ឋមន្រ្តីកាណាដា អូស្រ្តាលី និងនូវែលសេឡង់ សុទ្ធតែបានប្រកាសរួចរាល់ហើយថា ពួកគេនឹងចូលរួមក្នុងព្រឹត្តិការណ៍នោះ៕