(យ៉េរ៉េវ៉ាន់) នៅថ្ងៃអង្គារនេះ អាមេនីបានអះអាងថា កងទ័ពរបស់ខ្លួនយ៉ាងហោចណាស់ ៤៩នាក់ ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំប្រទល់ ជាមួយអាស៊ែបៃហ្សង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ខាងអាមេនីបានឱ្យដឹងថា ក្រុងមួយចំនួននៅក្បែរព្រំដែនជាមួយអាស៊ែបៃហ្សង់ បានទទួលរងការបាញ់ផ្លោង កាលពីវេលាទាបភ្លឺថ្ងៃអង្គារនេះ ហើយទីក្រុងយ៉េរ៉េវ៉ាន់បានឆ្លើយតបទៅវិញ ចំពោះអ្វីដែលខ្លួនហៅថា «ទង្វើបង្កហេតុទ្រង់ទ្រាយធំ» របស់អាស៊ែបៃហ្សង់។ យ៉ាងណាមិញ ខាងអាស៊ែបៃហ្សង់បានអះអាងថា ខ្លួនបានរងការវាយប្រហារមុនពីសំណាក់អាមេនី។
នាយករដ្ឋមន្រ្តីអេមេនី លោក នីកូល ប៉ាស៉ីនយ៉ាន (Nikol Pashinyan) បានចោទថា អាស៊ែបៃហ្សង់បើកការវាយប្រហារ មកលើក្រុងរបស់អាមេនី ដោយសារតែមិនចង់ចរចាគ្នាជុំវិញឋានៈនៃតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ជាតំបន់មួយស្ថិតនៅក្នុងប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែសម្បូរដោយជនជាតិដើមអាមេនីរស់នៅភាគច្រើន។ បើតាមលោក ប៉ាស៉ីនយ៉ាន មកទល់ពេលនេះ ភាពតានតឹងហាក់បានថមថយទៅវិញ ប៉ុន្តែការវាយប្រហារមួយៗ ពីខាងអាស៊ែបៃហ្សង់នៅតែបន្ត។
គួរបញ្ជាក់ថា មហាអំណាចអាមេរិកនិងរុស្ស៉ី ក៏បានចេញមុខអំពាវនាវផងដែរ ឱ្យអាមេនីនិងអាស៊ែបៃហ្សង់រក្សាភាពអត់ធ្មត់ ហើយដោះស្រាយវិវាទដោយសន្តវិធី។ ការប៉ះទង្គិចគ្នាជាថ្មីនៃប្រទេសជិតខាងទាំងពីរ បានបង្កឱ្យមានការភ័យព្រួយថា សង្រ្គាមទ្រង់ទ្រាយធំមួយទៀត អាចនឹងផ្ទុះឡើងបន្ថែមពីលើ សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី ដែលកំពុងអូសបន្លាយជាង៧ខែមកហើយ៕