(ប៉េកាំង)៖ ក្រសួងការបរទេសចិនមិនបានបញ្ជាក់ថា តើលោកប្រធានាធិបតី ស៉ី ជិនពីង (Xi Jinping) អាចនឹងជួបគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ឬនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែរឬយ៉ាងណានោះទេ អំឡុងពេលកិច្ចប្រជុំកំពូលសន្តិសុខក្នុងតំបន់ របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងការបរទេសចិន ត្រូវបានក្រុមអ្នកសារព័ត៌មានសួរនាំអំពីផែនការរបស់លោក ស៉ី កំលុងសន្និសីទព័ត៌មានប្រចាំថ្ងៃ នាថ្ងៃអង្គារនេះ។ កិច្ចប្រជុំកំពូល SCO នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសអ៊ូសបេគីស្ថាន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ហើយលោក ស៉ី, លោក ពូទីន និងលោក ម៉ូឌី គឺនឹងធ្វើដំណើរទៅចូលរួម។ កន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី បានរាយការណ៍ថា លោក ស៉ី ជិនពីង នឹងជួបគ្នាផ្ទាល់ ជាមួយលោក វ៉្លាឌីមៀ ពូទីន នៅក្រៅកិច្ចប្រជុំកំពូលនោះ។

គួរបញ្ជាក់ថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO គឺជាអង្គការនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខអឺរ៉ាស៊ី។ កិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងសប្តាហ៍នេះ នឹងរំពឹងនូវការចូលរួមនៃប្រទេសអ៊ីរ៉ង់ជាសមាជិកថ្មីថែមទៀត ដែលការចូលរួមនោះ នឹងធ្វើឱ្យឥទ្ធិពលរបស់អង្គការនេះកាន់តែរីកធំឡើង៕