(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី ដោយផ្អែកលើប្រភពពីទីភ្នាក់ងារសន្តិសុខ FSB បានរាយការណ៍ថា ប្រធានគ្រប់គ្រងជាន់ខ្ពស់ម្នាក់ នៃរោងចក្រផលិតយន្តហោះមួយកន្លែង ត្រូវបានឃាត់ខ្លួនក្រោមការសង្ស័យពី បទលួចផ្តល់ព័ត៌មានសម្ងាត់ផ្នែកយោធាឱ្យទៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ទីភ្នាក់ងារ FSB បានឱ្យដឹងថា បុរសម្នាក់ជាប់សង្ស័យពីបទថតរូបភាពសម្ភារៈ នៃយន្តហោះចម្បាំងរបស់រុស្ស៉ី ហើយបញ្ជូនរូបថតទាំងនោះ ឱ្យទៅជនជាតិអ៊ុយក្រែនម្នាក់ ដែលធ្វើការនៅរោងចក្រផលិតយន្តហោះរបស់អ៊ុយក្រែន។ ទីភ្នាក់ងារ FSB ក៏បានបន្ថែមដែរថា ខ្លួនបានបើកសំណុំរឿងក្បត់ជាតិ ប្រឆាំងនឹងជនសង្ស័យរូបនោះ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានការណ៍សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែនវិញ គឺប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថា កងកម្លាំងរបស់លោករំដោះបានទឹកដីប្រហែល ៦,០០០គីឡូម៉ែត្រក្រឡាហើយពីរុស្ស៉ី នៅក្នុងប្រតិបត្តិការវាយបកក្នុងខែកញ្ញានេះ ដែលវាគឺជាបរាជ័យធ្ងន់ធ្ងរបំផុតមួយរបស់ទីក្រុងមូស្គូ ក្នុងសង្រ្គាមអូសបន្លាយពេលជិត ៧ខែមកនេះ៕