(យ៉េរ៉េវ៉ាន់)៖ អ្នកនាំពាក្យរបស់គណៈរដ្ឋមន្រ្តីប្រទេសអាមេនី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តី លោក នីកូល ប៉ាស៉ីនយ៉ាន (Nikol Pashinyan) បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយបានពិភាក្សាអំពីការប៉ះទង្គិចគ្នា នៅព្រំដែនអាមេនី-អាស៊ែបៃហ្សង់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្រ្តី បានឲ្យដឹងថា «នាយករដ្ឋមន្ត្រីអាមេនី បានផ្តល់ព័ត៌មានលម្អិតអំពីសកម្មភាពបង្កហេតុ និងឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធប្រទេសអាស៊ែបៃហ្សង់ ក្នុងទឹកដីរបស់អាមេនី ដែលបានចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ហើយត្រូវបានឆ្លើយតបដោយការបាញ់ផ្លោងពីកាំភ្លើងធំ និងអាវុធធុនធ្ងន់។ លោកនាយករដ្ឋមន្ត្រីបានហៅសកម្មភាព របស់ភាគីអាស៊ែបៃហ្សង់ ថាមិនអាចទទួលយកបាន ហើយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការឆ្លើយតបពីសហគមន៍អន្តរជាតិ»។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពអាស៊ែបៃហ្សង់ និងអាមេនី បានកើតឡើងនៅព្រឹកថ្ងៃអង្គារនេះ ដោយបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះឡើង ជាថ្មីនូវសង្រ្គាមនៅឯតំបន់ជម្លោះព្រំដែន ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh)។ រហូតមកដល់ពេលនេះ គេមិនទាន់អាចបញ្ជាក់បានពីមូលហេតុនៃការផ្ទុះអាវុធនេះទេ ខណៈភាគីទាំង២បានចោទប្រកាន់ដាក់គ្នា ទៅវិញទៅមក៕