(ប៉េកាំង)៖ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ Shanghai Cooperation Organisation ដែលគេហៅកាត់ថា SCO នឹងធ្វើកិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុងសប្តាហ៍នេះ ដែលនឹងមានការអញ្ជើញចូលរួមដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីងផងដែរ។ កិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការ សៀងហៃ នឹងប្រព្រឹត្តទៅនៅក្នុងក្រុង Samakand នៃប្រទេសអ៊ូសបេគីស្ថាន រវាងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា។ មេដឹកនាំឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក៏នឹងមានវត្តមាន ក្នុងកិច្ចប្រជុំកំពូល SCO ផងដែរ ដែលជាកិច្ចប្រជុំកំពូលសំខាន់បំផុតនៃបណ្តាមេដឹកនាំរបស់អង្គការ SCO ខណៈពិភពលោកកំពុងតែស្ថិតក្នុងភាពប្រឈមមុខដាក់គ្នារវាង ប្រទេសមហាអំណាចកំពូលផុតលេខសហរដ្ឋអាមេរិកជាមួយនឹងប្រទេសមហាអំណាចចិន និងរុស្ស៊ី។

នេះជាការផ្លាស់ប្តូរដ៏លឿនមួយរបស់ពិភពលោកចាប់តាំងពីមានការកើតឡើងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ នេះគឺជាលើកដំបូងហើយ ក្នុងរយៈកាលជាង ២ឆ្នាំមកនេះ ដែលមេដឹកនាំចិន លោក ស៊ី ជិនពីង បានសម្រេចនឹងធ្វើដំណើរចាកចេញពីប្រទេសលើកដំបូង ទៅកាន់តំបន់ប្រទេសនៅអាស៊ីកណ្ដាល ក្រោយហេតុការណ៍កូវីដ១៩ ដែល មេដឹកនាំប្រទេសចិនបានសម្រេចចិត្តបិទការធ្វើដំណើរដោយខ្លួនឯងនោះមក។ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ គឺជាអង្គការដែលគេជឿថាស្ថិតក្រោមឥទ្ធិពលរបស់ ប្រទេសរុស្ស៊ីនិងប្រទេសចិននាពេលបច្ចុប្បន្ន។ អង្គការនេះគឺជាបន្លាក្នុងក្រសែភ្នែករបស់ក្រុមប្រទេសលោកខាងលិច។

កិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងសប្តាហ៍នេះ នឹងរំពឹងនូវការចូលរួមនៃប្រទេសអ៊ីរ៉ង់ជាសមាជិកថ្មីរបស់អង្គការ SCO នេះថែមទៀត ដែលការចូលរួម នោះ នឹងធ្វើឱ្យឥទ្ធិពលរបស់អង្គការនេះកាន់តែរីកធំឡើង និងជាអ្វីដែលសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិច មិនចង់ឃើញនោះឡើយ។

*អ្វីជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ?

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO គឺជាអង្គការនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខអឺរ៉ាស៊ី។ បើនិយាយអំពីទំហំវិសាលភាពភូមិសាស្ត្រ, អង្គការ SCO នេះគឺជាអង្គការ ក្នុងតំបន់ដែលធំជាងគេបំផុតរបស់សកលលោកដែលគ្របដណ្តប់ប្រមាណ ៦០ភាគរយនៃតំបន់អឺរ៉ាស៊ី, មានប្រជាជនប្រមាណ ៤០ភាគរយក្នុងចំណោមប្រជាជនលើ សកលលោក និងមានផលិតផលក្នុងស្រុកសារុប GDP ជាង ៣០ភាគរយនៃសកលលោក។

អង្គការSCO គឺជាអ្នកស្នងតំណែងរបស់ក្រុមអង្គការ Shanghai Five ដែលជាកិច្ចព្រមព្រៀងសន្តិសុខរវាងគ្នាទៅវិញទៅមកបង្កើតឡើងក្នុងឆ្នាំ១៩៩៦ រវាងប្រទេសចិន, កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន, រុស្ស៊ី និងតាជីគីស្ថាន។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ មេដឹកនាំនៃប្រទេសទាំង៥នេះ និងប្រទេសអ៊ូសបេគីស្ថានបានជួបប្រជុំគ្នានៅ ទីក្រុងសៀងហៃ ដើម្បីប្រកាសពីអង្គការថ្មីមួយជាមួយនឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ ធម្មនុញ្ញអង្គការ SCO នេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០២ ហើយបានចូលជាធរមាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៣។ ចាប់តាំងពីពេលនោះមក សមាជិកភាពរបស់ SCO បានពង្រីកដល់ប្រាំបីរដ្ឋ ដោយមានប្រទេសឥណ្ឌា និងប៉ាគីស្ថានចូលរួមនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។ មានប្រទេសជាច្រើនទៀត បានចូលរួមជាប្រទេសសង្កេតការណ៍ ឬដៃគូសន្ទនា។

អង្គការSCO ត្រូវបានគ្រប់គ្រងដោយប្រមុខក្រុមប្រឹក្សារដ្ឋ Head of State Council ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចកំពូលរបស់ខ្លួន ដែលតែងមានការប្រជុំក្នុង មួយឆ្នាំមានម្តង។ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ មិនមែនត្រឹមតែជាអង្គការនយោបាយ សេដ្ឋកិច្ចនិង សន្តិសុខប៉ុណ្ណោះទេ, ប៉ុន្តែសមាជិកដែលស្ថិតក្នុងអង្គការ SCO នោះគឺរួមមានទាំងប្រទេសដែលហ៊ានប្រឈមនឹងសហរដ្ឋអាមេរិកនៃប្រទេសមហាអំណាចកំពូលលើពិភពលោកនេះថែមទៀត។ ការពង្រីកកិច្ចសហប្រតិបត្តិការរបស់អង្គការ នេះជាមួយនឹងអ៊ីរ៉ង់ដែលជាប្រទេសបងធំមួយក្នុងតំបន់មជ្ឈិមបូព៌ា និងជាប្រទេសដែលសហរដ្ឋអាមេរិកបានចាត់ទុកថាជាហានិភ័យនៃប្រទេសផលិតអាវុធនុយក្លេអ៊ែរ ផងដែរនោះ មិនមែនជារឿងធម្មតាដែលក្រុមបស្ចឹមប្រទេសគិតថា គេមិនព្រួយបារម្ភនោះឡើយ។

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ត្រូវគេរំពឹងថានឹងអាចពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនបានធំជាងនេះទៀត ដែលនឹងមានការចូលរួមពីប្រទេស ម៉ាល់ឌីវ, អេហ្ស៊ីប, កាតា និងប្រទេសអារ៉ាប់សាអ៊ូឌីត ជាបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងក្លាយជាដៃគូសន្ទនាក្នុងអង្គការ SCO នេះ។ ប្រទេសអ៊ឺរ៉ង់ បានរងនឹងការដាក់ទណ្ឌកម្មពី ក្រុមលោកខាងលិច ដែលការនឹងចូលជាសមាជិកក្នុងអង្គការ SCO នឹងជួយធ្វើឱ្យប្រទេសអ៊ីរ៉ង់លែងក្លាយជាប្រទេសដែលមានភាពឯកោ លើផ្នែកសេដ្ឋកិច្ចទៀតនោះហើយ។

ការជ្រករបស់ប្រទេសអ៊ីរ៉ង់ក្រោមឥទ្ធិពលនៃអង្គការ SCO នោះទៀត នឹងជួយឱ្យអ៊ឺរ៉ង់អាចមានលទ្ធភាពប្រឆាំងនឹងទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច។ កិច្ចប្រជុំកំពូល របស់អង្គការ SCO ក្នុងក្រុង Samarkand នៃប្រទេសអ៊ូសបេគីស្ថាន នឹងអញ្ជើញចូលរួមដោយមេដឹកនាំអ៊ីរ៉ង់លោក Ibrahim Raisi ជាមួយនឹងមេដឹកនាំពីប្រទេស ១៣ផ្សេងទៀត។ សេចក្តីរាយការណ៍បានបង្ហាញថាកិច្ចប្រជុំក្នុងសប្តាហ៍នេះ នឹងមានការចុះហត្ថលេខារបស់អ៊ីរ៉ង់លើអនុស្សារណៈនៃការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ចូលរួមក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO។

*តើអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO នឹងជួយប្រទេសអ៉ីរ៉ង់ដោយរបៀបណា?

ប្រទេសអ៉ីរ៉ង់ត្រូវគេចាត់ទុកថាជាមហាអំណាចប្រេងដ៏កំពូល ដែលមានប្រេងបំរុងទុកប្រ មាណ១០ភាគរយ និងឧស្ម័ន១៥ភាគរយនៃសកលលោក ប៉ុន្តែការដាក់ទណ្ឌកម្ម លើអ៉ីរ៉ង់មិនអាចធ្វើឱ្យប្រេងអ៉ីរ៉ង់អាចមានលំហូរចរាចរណ៍លើទីផ្សារពិភពលោកបានឡើយ។ ដូច្នេះការធ្វើសម្ព័ន្ធជាយុទ្ធសាស្ត្រជាមួយនឹងក្រុម SCO នឹងអាចជួយបន្ធូរបន្ថយ អំពើអមិត្តទាំងឡាយ ដែលក្រុមប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសអ៉ីរ៉ង់។ ប្រទេសអ៉ីរ៉ង់ដែលផលិតប្រេងដ៏ធំបង្អស់មួយក្នុងតំបន់មជ្ឈិមបូព៌ា បានទទួលការដាក់ទណ្ឌកម្មច្រើនលើកច្រើនសារពីសហរដ្ឋអាមេរិក។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថែមទាំងបានព្រមានដាក់ទណ្ឌកម្ម ដល់ប្រទេសណាដែលហ៊ានជួយអ៉ីរ៉ង់ ឬហ៊ានសូម្បីតែជាប់ពាក់ព័ន្ធអ៉ីរ៉ង់ ឬហ៊ានទិញប្រេងពីប្រទេសអ៉ីរ៉ង់នោះ។

ដូច្នេះការចូលជាសមាជិករបស់អ៉ីរ៉ង់ក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO មិនត្រឹមតែជួយអ៉ីរ៉ង់មិនឱ្យក្លាយជាប្រទេសឯកោដូចមុនទៀតនោះទេ, អ៉ីរ៉ង់ក៏នឹងលែង ខ្លាចឥទ្ធិពលដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៀតផងដែរ។ អ៉ីរ៉ង់នឹងរំពឹងយកកិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសៀងហៃ SCO ក្នុងសប្តាហ៍នេះ ដើម្បីពង្រីកនូវការជួញ ដូរថាមពលប្រេងរបស់ខ្លួន ជាមួយបណ្តាប្រទេសជាសមាជិក និងបណ្តាប្រទេសទាំងឡាយដែលជាក្រុមសង្កេតការណ៍។ បើទោះបីជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO មិនមែនជាសម្ព័ន្ធមិត្តយោធាផ្តាច់មុខក៏ដោយ ប្រទេសជាសមាជិករបស់អង្គការនេះ ធ្លាប់បានចូលរួមនៅក្នុងសមយុទ្ធយោធា និងលេងល្បែងសង្គ្រាមជាមួយគ្នា។ ជាមួយនឹងការចាប់ផ្តើមពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន គឺមានសមាជិក SCO ចំនួនបួន ដែលជាប្រទេសមានសមត្ថភាពនុយក្លេអ៊ែរដ៏សំខាន់ ហើយប្រការនេះហើយដែល គេចាត់ទុកថា SCO ដូចជាក្រុមមួយនៃប្លុកដែលប្រឆាំងនឹងអង្គការណាតូ៕