(ប៉េកាំង)៖ មន្រ្តីទូតជាន់ខ្ពស់ចិនមួយរូបបាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិ រួមគ្នាជាមួយរុស្ស៊ីក្នុង «ទិសដៅប្រកបដោយវិចារណញ្ញាណ និងយុត្តិធម៌ជាងមុន» ខណៈមេដឹកនាំនៃប្រទេសទាំងពីរគ្រោងនឹងជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន ប្រធានកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តចិន លោក យ៉ាង ជាឈី (Yang Jiechi) បានប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសចិន លោក អាន់ដ្រេ ដេនីសូវ (Andrey Denisov) កាលពីថ្ងៃចន្ទសប្តាហ៍នេះថា «ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី លោក ស៉ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងតែឆ្ពោះទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវ។ ចិនមានឆន្ទៈក្នុងការធ្វើការជាមួយរុស្ស៊ី ដើម្បីបន្តអនុវត្តស្មារតីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តកម្រិតខ្ពស់ ការពារផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងជំរុញការអភិវឌ្ឍសណ្តាប់ធ្នាប់អន្តរជាតិ ផងដែរ»

ជាការឆ្លើយតប លោក ដេនីសូវ បានសម្តែងការកោតសរសើរចំពោះ «លទ្ធផលជាផ្លែផ្កា» នៃទំនាក់ទំនងទ្វេភាគី។ ជាមួយគ្នានេះ លោក ពូទីន និងលោក ស៊ី ក៏គ្រោងនឹងជួបគ្នានៅក្នុងប្រទេសអ៊ូសបេគីស្ថាន នាសប្តាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសក្នុងតំបន់។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអតីតសម្ព័ន្ធមិត្ត ក្នុងសម័យសង្រ្គាមត្រជាក់ទាំងពីរនេះ កាន់តែមានភាពរីកចម្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីសប្តាហ៍មុន សមាជិកសភាកំពូលម្នាក់របស់ទីក្រុងប៉េកាំង គឺ លោក លី ចានស៊ូ (Li Zhanshu) បានក្លាយជាអ្នកនយោបាយជាន់ខ្ពស់បំផុត នៃគណបក្សកុម្មុយនិស្តចិន ដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង៕