(ញូដេលី)៖ អាជ្ញាធរនៅប្រទេសឥណ្ឌា នៅថ្ងៃអង្គារនេះបានឱ្យដឹងថា គ្រោះអគ្គិភ័យមួយបានកើតឡើង នៅកន្លែងតាំងបង្ហាញម៉ូតូអគ្គិសនីមួយកន្លែង ហើយបានឆក់យកជីវិតមនុស្សយ៉ាងហោច ៨នាក់ និងបង្កឱ្យរបួស១១នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។
វាគឺជាករណីអគ្គិភ័យមានមនុសស្លាប់ច្រើនបំផុត ដែលពាក់ព័ន្ធជាមួយនឹងយានជំនិះដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងឆ្នាំ២០២២នេះ ហេតុការណ៍គ្រោះអគ្គិភ័យដែលទាក់ទងនឹងម៉ូតូអគ្គិសនី បានកើតឡើងច្រើនគួរឱ្យកត់សម្គាល់ ជាហេតុបណ្តាលឱ្យរដ្ឋាភិបាលឥណ្ឌាមានការខ្វល់ខ្វាយខ្លាំង ដ្បិតខ្លួនកំពុងព្យាយាមលើកកម្ពស់ ការប្រើប្រាស់ម៉ូតូប្រភេទនេះ នៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងបញ្ហាបំពុលបរិយាកាស។ ការស៉ើបអង្កេតដំបូងៗបានរកឃើញថា កត្តាអាគុយស្ថិតក្នុងចំណោមមូលហេតុចម្បង ដែលបានបណ្តាលឱ្យមានអគ្គិភ័យទាំងនោះ។
ដោយឡែក សម្រាប់ករណីថ្មីចុងក្រោយគេខាងលើ គឺវាបានកើតឡើងកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ នៅជាន់ក្រោមដីនៃសណ្ឋាគារមួយ ដែលផ្ទុកកន្លែងតាំងបង្ហាញ និងមានម៉ូតូអគ្គិសនីប្រហែលជាង២០គ្រឿង ស្ថិតក្នុងទីក្រុងសេឃូនដឺរ៉ាបាដ (Secunderabad) តំបន់ភាគខាងត្បូងប្រទេសឥណ្ឌា។ បើតាមប៉ូលិស ជនរងគ្រោះដែលបានបាត់បង់ជីវិត ភាគច្រើនជាអ្នកស្នាក់នៅសណ្ឋាគារផ្ទាល់។ ចំណែកមូលហេតុនៃការឆាបឆេះ គឺមិនទាន់ត្រូវបានកំណត់ច្បាស់ទេ ប៉ុន្តែគេដឹងថាមានម៉ូតូអគ្គិសនីមួយចំនួន ចតនៅកន្លែងដែលអគ្គិភ័យចាប់ផ្តើមឡើង។
គួរបញ្ជាក់ថា កាលពីខែមីនា ឥណ្ឌាបានបើកការស៉ើបអង្កេតជុំវិញក្តីព្រួយបារម្ភផ្នែកសុវត្ថិភាព បន្ទាប់ពីករណីអគ្គិភ័យជាច្រើនពាក់ព័ន្ធនឹង ម៉ូតូអគ្គិសនីបានកើតមានឡើង ក្នុងនោះរួមមានទាំងករណីមួយ ដែលបុរសម្នាក់ព្រមទាំងកូនស្រីបានស្លាប់ នៅពេលដែលម៉ូតូពួកគេសុខៗ ស្រាប់តែឆាបឆេះ។ ឥណ្ឌាមានគោលដៅចង់ឱ្យម៉ូតូអគ្គិសនី ទទួលបន្ទុករហូតដល់៨០ភាគរយ នៃការលក់ម៉ូតូនៅក្នុងប្រទេស ត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន វារ៉ាប់រងត្រឹម២ភាគរយប៉ុណ្ណោះ៕