(តៃប៉ិ)៖ អ្នកការទូតជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការិយាល័យតំណាងថ្មីរបស់ប្រទេសលីទុយអានី បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពហើយ ខណៈប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន បានថ្កោលទោស ចំពោះទំនាក់ទំនងរវាងដែនកោះនេះ និងលីទុយអានី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

កន្លងមក ទីក្រុងប៉េកាំងបានសម្រេចទម្លាក់កម្រិតចំណងការទូត ជាមួយលីទុយអានី ហើយថែមទាំងបានដាក់សម្ពាធឱ្យ ក្រុមហ៊ុនពហុជាតិនាំគ្នាកាត់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេសតំបន់បាល់កង់ ដែលមានប្រជាជន២.៨លាននាក់មួយនេះ ទៀតផង បន្ទាប់ពីលីទុយអានី បានអនុញ្ញាតឱ្យកោះតៃវ៉ាន់បើកការិយាល័យតំណាង នៅទីក្រុងវីលនីញូស។

លោក រេមូស ចិន (Remus) ប្រធាននាយកដ្ឋានកិច្ចការអឺរ៉ុបនៃក្រសួងការបរទេសតៃវ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ផូលីយូស លូកាអ៊ូសកាស (Paulius Lukauskas) អ្នកតំណាងថ្មីរបស់លីទុយអានី បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ កាលពីដើមខែនេះ ហើយកាលពីថ្ងៃចន្ទម្សិលមិញ លោកបានដាក់ពាក្យស្នើជាផ្លូវការ សម្រាប់ការទទួលស្គាល់រូបលោក។ បើតាមលោក ចិន ហេតុដូច្នេះ ការិយាល័យលីទុយអានីថ្មីនោះ គឺអាចនិយាយបានថា ចាប់ផ្តើមធ្វើប្រតិបត្តិការហើយ ប៉ុន្តែសម្ភារៈការិយាល័យ កំពុងស្ថិតក្រោមការដំឡើង នៅឡើយ។

គួរបញ្ជាក់ថា ចិនបានចេញមុខថ្កោលទោសម្តងហើយម្តងទៀត ចំពោះការធ្វើប្រាស្រ័យទាក់ទងរបស់លីទុយអានី ជាមួយនិងកោះតៃវ៉ាន់។ កាលពីខែសីហាកន្លងទៅ ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើ អនុរដ្ឋមន្រ្តីដឹកជញ្ជូននិងទំនាក់ទំនងរបស់លីទុយអានី គឺលោកស្រី អាកណេ វ៉ៃស៊ូកេវីឈូត (Agne Vaiciukeviciute) សម្រាប់ការបំពេញទស្សនកិច្ចនៅតៃវ៉ាន់៕