(ប៉េកាំង)៖ ក្នុងរយៈពេលជាយូរណាស់មកហើយ ដើម្បីគាំពារឋានៈអនុត្តរភាពរបស់ខ្លួន សហរដ្ឋអាមេរិកបានបង្ខិតបង្ខំឱ្យប្រទេសដទៃ អនុវត្តតាមប្រព័ន្ធនយោបាយនិងគុណតម្លៃរបស់ខ្លួន ផ្សព្វផ្សាយការកែសម្រួលតាមបែបប្រជាធិបតេយ្យ ក៏ដូចជាញុះញង់ឱ្យបំផុស «បដិវត្តន៍ពណ៌» ក្នុងតំបន់ជាច្រើននៅលើពិភពលោកនិងឧស្សាហ៏លូកដៃ និងធ្វើវិទ្ធង្សនារដ្ឋអំណាចនៃរដ្ឋាភិបាលស្របច្បាប់ នៃប្រទេសមានអធិបតេយ្យតាមតែទំនើងចិត្ត ដែលបង្កជាផលវិបាកដ៏មានលក្ខណៈគ្រោះមហន្តរាយ វាក្លាយជាអ្នកបំផ្លាញធំជាងគេ នៃសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក។

នាពេលថ្មីៗកន្លងទៅនេះ លោក John Robert Bolton ដែលធ្លាប់កាន់មុខតំណែងជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ របស់រដ្ឋាភិបាលលោកត្រាំបានទទួលស្គាល់ ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិកថា «លោកធ្លាប់ជួយគ្រោងផែនការដើម្បីបំផុសចលនារដ្ឋប្រហារនៅប្រទេសដទៃ»។ នេះមិនមែនជាលើកទី១ ហើយដែលលោក John Robert Bolton បានចេញផ្សាយពាក្យសម្តីបែបនេះ។ តាមការទម្លាយរបស់វេបសាយនៃកាសែត «វ៉ាស៊ីនតោនប៉ុស្តិ៍» របស់អាមេរិកបានឱ្យដឹងថា
នៅពេលមុននេះ លោក John Robert Bolton ធ្លាប់លើកឡើងថា ការគ្រោងផែនការបំផុសចលនារដ្ឋប្រហារគឺជា «មធ្យោបាយដ៏ចាំបាច់សម្រាប់ជំរុញការឆក់យកផលប្រយោជន៍របស់ខ្លួន»។ ពិតមែនតែលោក John Robert Bolton មិនបានបញ្ជាក់ពី «ចលនារដ្ឋប្រហារ» ណាខ្លះដែលលោកបានធ្វើក៏ដោយ ក៏ប៉ុន្តែលោកបានលើកឡើងពីរដ្ឋប្រហារ មិនបានសម្រេចនៅប្រទេសវ៉េណេស៊ុយអេឡាកាលពីឆ្នាំ ២០១៩។

ការនិយាយត្រង់ៗរបស់លោក John Robert Bolton បាននាំឱ្យមតិអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសគឺប្រទេសនិងតំបន់ ដែលត្រូវរងការបំផ្លាញដោយ បាតដៃខ្មៅនយោបាយរបស់អាមេរិកមានភាពឈឺចាប់ក្នុងដួងចិត្ត។ លោក Evo Morales អតីតប្រធានាធិបតីបូលីវីបានថ្កោលទោស តាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៣ ខែកក្កដាថា ពាក្យសម្តីរបស់លោក John Robert Bolton ទាំងនេះបានបង្ហាញឱ្យឃើញថា អាមេរិកគឺជា «សត្រូវដ៏ធំបំផុតរបស់ប្រជាធិបតេយ្យ»

និយាយជារួម អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត គឺមានប្រវតិ្តសាស្រ្តខ្មៅងងឹតជាយូរលង់ណាស់មកហើយ។ កាលពីខែមិថុនា ឆ្នាំនេះ ប៉ុស្តិ៍ប្រវត្តិសាស្ត្ររបស់ប្រព័ន្ធសារព័ត៌មាន A&E អាមេរិកបានរៀបរាប់ពីប្រតិបត្តិការជាច្រើនលើក របស់អាមេរិកដែលចូលរួមចលនារដ្ឋប្រហារ និងផ្តួលរំលំរាជរដ្ឋាភិបាលបរទេស ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។ ឧទាហរណ៍ដូចជា កាលពីខែមករា ឆ្នាំ ១៨៩៣ មកម្ល៉េះ អាមេរិកបានញុះញង់ឱ្យជនជាតិអាមេរិក នៅព្រះរាជាណាចក្រហាវ៉ៃធ្វើរដ្ឋប្រហារ ហើយក៏បានចាត់បញ្ជូនកងទ័ពសម្រាប់ផ្តល់ការគាំទ្រ ដើម្បីផ្ដួលរំលំរដ្ឋអំណាចរបស់ព្រះមហាក្សត្រី Liliuokalani ដែរ។

សូមបញ្ជាក់ថា ទន្ទឹមនឹងបានលេបយកទឹកដីនៅបរទេសកាន់តែច្រើន សហរដ្ឋអាមេរិកបានចាប់ផ្តើមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃជាញឹកញាប់។ តាមស្ថិតិមិនពេញលេញបានឱ្យដឹងថា ចាប់តាំងពីចូលសតវត្សរ៍ទី២០ មក អាមេរិកបានគ្រោងផែនការធ្វើចលនារដ្ឋប្រហារដោយជោគជ័យ ឬមិនជោគជ័យរាប់សិបលើកនៅអាមេរិកឡាទីន។

លោក Lindsey A.O’Rourke សាស្រ្តាចារ្យរងនៃវិទ្យាស្ថានបូស្តុនអាមេរិក បានសរសេរក្នុងសៀវភៅរបស់ខ្លួន «ការផ្លាស់ប្តូររដ្ឋអំណាចដោយសម្ងាត់៖ សង្រ្គាមត្រជាក់សម្ងាត់របស់សហរដ្ឋអាមេរិក» ថា ចាប់ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៨៩ អាមេរិកបានអនុវត្តប្រតិបត្តិការផ្លាស់ប្តូររដ្ឋអំណាចដោយសម្ងាត់ សរុបចំនួន ៦៤ លើកនិងប្រតិបត្តិការជាសាធារណៈចំនួន ៦លើក។ «សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាប្រាក់ ហើយបានចូលរួមប្រតិបត្តិការរដ្ឋប្រហារ និងប្រតិបត្តិការធ្វើវិទ្ធង្សនារដ្ឋអំណាចរបស់ រដ្ឋាភិបាលបរទេសជាច្រើនលើក ហើយប្រតិបត្តិការទាំងនេះអាចស្វែងរកប្រភពនៅដើមសតវត្សរ៍ទី ២០»

លោក Jonathan Myerson Katz អ្នកនិពន្ធសៀវភៅ «Gangsters of Capitalism» បានលើកឡើងថា លោក John Robert Bolton ខ្លួនឯងក៏បានចូលរួមសកម្មភាពរដ្ឋប្រហារ នៅប្រទេសនិងតំបន់ដូចជា នីការ៉ាហ្គា អ៊ីរ៉ាក់និងហៃទីជាដើម។

ក្រៅពីមធ្យោបាយយោធា រដ្ឋាភិបាលអាមេរិកក៏ប៉ិនប្រសប់លេងសន្លឹកបៀ «បដិវត្តន៍ពណ៌» ផងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)និងស្ថាប័នមួយចំនួនផ្សេងទៀត បាននិងកំពុងនាំចេញទស្សនៈតម្លៃរបស់អាមេរិក ទៅកាន់ប្រទេសនិងតំបន់ដែលជាគោលដៅ តាមគ្រប់ទម្រង់ ដូចជាការផ្តល់ប្រាក់ទុនជាដើមដើម្បីអនុវត្តសកម្មភាពបំផ្លិចបំផ្លាញ និងញុះញង់ឱ្យកើតមានអ្វីដែលហៅថា «ចលនាប្រជាធិបតេយ្យ»។

គួររំលឹកដែរថា ពីការគ្រោងផែនការផ្តួលរំលំរដ្ឋអំណាចរបស់លោក Mohammad Mosaddegh មេដឹកនាំជាប់ឆ្នោតរបស់អ៊ីរ៉ង់កាលពីឆ្នាំ ១៩៥៣ រហូតដល់រៀបចំគម្រោងនៃហេតុការណ៍ «BayofPigs» កាលពីឆ្នាំ១៩៦១ ដើម្បីផ្តួលរំលំរដ្ឋាភិបាលគុយបា ដែលដឹកនាំដោយលោក Fidel Castro នៅពីក្រោយរាល់ភាពចលាចល ដែលកើតឡើងនៅលើពិភពលោកសុទ្ធតែមាន ស្រមោលរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)។

ចំណែកឯមូលនិធិប្រជាធិបតេយ្យជាតិអាមេរិក ដែលត្រូវគេប្រៀបដូចជា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទីពីរ» គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយហេតុការណ៍មួយចំនួនដូចជា «បដិវត្តន៍ផ្កាកុលាប» នៅហ្សកហ្ស៊ី «បដិវត្តន៍ពណ៌ទឹកក្រូច» នៅអ៊ុយក្រែនព្រម និងសកម្មភាព «និទាឃរដូវអារ៉ាប់» ជាដើម អាមេរិកគឺជា «អ្នកទោស» ដែលតែងតែបង្កភាពចលាចលនៅប្រទេសដទៃទៀត។

បច្ចុប្បន្ននេះ អ្នកផងកាន់តែច្រើនឡើងបានមើលឃើញច្បាស់ នូវគោលបំណងនិងវិធីសាស្ត្រនៃបដិវត្តន៍ពណ៌ ប៉ុន្តែដោយសារជាធម្មតា វាមិនពាក់ព័ន្ធនឹងបដិបក្ខគ្នាផ្នែកយោធាទេ ដូច្នេះអ្នកផងទាំងពួងតែងតែវាយតម្លៃទាបចំពោះផលវិបាករបស់វា។ ដើមឡើយវាច្បាស់ណាស់ អាចនិយាយបានថា បដិវត្តន៍ពណ៌ក៏ក៏ជាទម្រង់សង្គ្រាមមួយដែរ វាជាចំណែកដ៏សំខាន់មួយនៃ «សង្គ្រាមចម្រុះ» របស់អាមេរិក។ ដោយឡែក បន្ទាប់ពីសង្គ្រាមត្រជាក់ សង្គ្រាមចម្រុះបានក្លាយជាវិធីសាស្ត្រដ៏សំខាន់របស់អាមេរិក ក្នុងការរក្សាបាននូវឋានៈអនុត្តរភាព និងសម្រេចបាននូវការត្រួតត្រាជាសកល។

បន្ទាប់ពីសង្គ្រាមត្រជាក់ ខណៈពេលធ្វើការជ្រៀតជ្រែកនៅពិភពខាងក្រៅ អាមេរិកកាន់តែធ្វើទាំងផ្គើនទាំងបំពាន អាមេរិកបានធ្វើ «សង្គ្រាមចម្រុះ» ដោយគ្រប់ជ្រុងជ្រោយនិងវិស័យជាច្រើន តាមរយៈវិធីកាន់តែសម្ងាត់ជាងមុន ពោលគឺ៖ប្រើប្រាស់ទម្រង់គ្រប់បែបយ៉ាង ដែលមានលក្ខណៈកាន់តែសម្ងាត់ កាន់តែមានភាពបោកបញ្ឆោតនិងលក្ខណៈគ្រោះថ្នាក់ ដូចជាធ្វើសង្គ្រាមស៊ើបការណ៍ សង្គ្រាមនយោបាយ សង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សង្គ្រាមហិរញ្ញវត្ថុ សង្គ្រាមបច្ចេកវិទ្យា សង្គ្រាមបណ្តាញអ៊ីនធឺណែត សង្គ្រាមច្បាប់និងសង្គ្រាមផ្លូវចិត្តជាដើម ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន ដូចជាវាយប្រហារគូប្រជែងអន្តរជាតិ បង្កភាពចលាចលនៅសង្គមប្រទេសដទៃ ផ្តួលរលំរដ្ឋអំណាចប្រទេសដទៃ និងឆក់យកផលប្រយោជន៍នយោបាយនិងសេដ្ឋកិច្ច។

បើក្រឡេកមើលពីសង្គ្រាមចម្រុះអាចឃើញថា ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍កន្លងទៅ អាចនិយាយបានថា អាមេរិកបញ្ចេញស្នៀតនៅគ្រប់ទីកន្លែង ក្នុងរាល់ការប៉ះទង្គិច ភាពច្របូលច្របល់ ភាពភ័យខ្លាចនិងវិបត្តិគ្រប់បែបយ៉ាង ដែលកើតនៅក្របខណ្ឌទូទាំងពិភលោក សុទ្ធតែអាចឃើញវត្តមានរបស់អាមេរិកទាំងអស់។ យោងតាមស្ថិតិរបស់សមាគមសិក្សាស្រាវជ្រាវ អំពីសិទ្ធិមនុស្សនៃប្រទេសចិនបានឱ្យដឹងថា ពីពេលបញ្ចប់សង្គ្រាមលោកលើកទីពីរដល់ឆ្នាំ ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយប្រដាប់អាវុធចំនួន ២៤៨ លើកដែលកើតនៅតំបន់ចំនួន ១៥៣ នៅលើពិភពលោក អាមេរិកបានបំផុសឡើង ២០១ លើក ត្រូវជា ៨១ ភាគរយនៃចំនួនសរុប។

ការប្រព្រត្តិទង្វើអយុត្តិធម៌ច្រើនពេក ពិតជានឹងនាំមកនូវក្ដីអន្តរាយដល់ខ្លួនឯង។ សង្គ្រាមចម្រុះបានជួយអាមេរិកបង្ក្រាបគូប្រជែង ប៉ុន្តែព្រមពេលជាមួយគ្នានេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគ្រឹះអនុត្តរភាពរបស់អាមេរិកជាសន្សឹមៗ។ វាអាចនាំមកនូវផលប្រយោជន៍ក្នុងរយៈពេលដ៏ខ្លីដល់ច្រើនប៉ុណ្ណា ផលវិបាកចំពោះអាមេរិកក្នុងរយៈពេលយូរក៏កាន់តែធ្ងន់ធ្ងរប៉ុណ្ណឹង។

ទីមួយ សង្គ្រាមចម្រុះបានកាត់កម្សោយកិត្យានុភាពអន្តរជាតិរបស់អាមេរិក ហើយក៏កាន់តែបង្ហាញឱ្យឃើញច្បាស់ នូវការគ្មានជំនឿចិត្តរបស់អាមេរិក ដែលមានភាពរឹតតែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទីពីរ សង្គ្រាមចម្រុះធ្វើឱ្យអាមេរិក ចងគំនុំនៅគ្រប់ទីកន្លែង ក៏ធ្វើឱ្យសម័្ពន្ធមិត្តរបស់អាមេរិកខកចិត្តនិងបាត់បង់ទំនុកចិត្ត។ ទីបី សង្គ្រាមចម្រុះបានធ្វើឱ្យប្រសូតឡើង នូវភេរវនិយមនៅទូទាំងពិភពលោក ធ្វើឱ្យការប៉ះទង្គិចអរិយធម៌នៅទូទាំងពិភពលោកមានសភាពធ្ងន់ធ្ងរទៅៗ ហើយអាមេរិកមុខជានឹងរងផលវិបាកតបតវិញយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន។

ការពិតជាក់ស្តែងបានបង្ហាញម្តងហើយម្តងទៀតថា គប់ភ្លើងរបស់រូបសំណាកសេរីភាព(Statue of Liberty)មិនបានបញ្ជូនពន្លឺនៃក្តីសង្ឃឹម ដែលមានប្រជាធិបតេយ្យភាពនិងសេរីភាពនោះទេ បែរជាបានបញ្ឆេះភ្លើងនៃឋាននរគដែលធ្លាក់ក្នុងភាពចលាចល បែកបាក់គ្នានិងប្រជាជនមានជីវភាពក្រីក្រនិងអសុវត្ថិភាព។ និយាយជារួម សហរដ្ឋអាមេរិកបាននិងកំពុងគោរព «ច្បាប់ព្រៃ» ហើយបាននិងកំពុងអនុវត្តតាមតក្កវិជ្ជាអនុត្តរភាព។

ប្រសិនបើនិយាយថា សហរដ្ឋអាមេរិកជាប្រភពនៃភាពចលាចលនៅលើពិភពលោក នោះ អ្នកនយោបាយអាមេរិក ដូចជា លោក John Robert Bolton ជាដើមក៏ជា «អ្នកបញ្ជាផ្ទាល់» ដែលបង្កើតនិងនាំចេញភាពវឹកវរទៅកាន់ពិភពខាងក្រៅ។ អ្នកនយោបាយអាមេរិកដែលដៃទាំងពីរ ប្រឡាក់ដោយឈាមស្រស់របស់ប្រជាជនប្រទេសដទៃទាំងនេះ ចាំបាច់ត្រូវទទួលការស៊ើបអង្កេតនិងជំនុំជម្រះ ពីសំណាក់ស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ហើយត្រូវផ្តន្ទាទោសតាមនីតិវិធីច្បាប់។ អ្វីដែលពួកគេតែងតែអួតអាងថា «បទពិសោធន៍» គឺជាភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបាន៕

(អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន)