(ហ្សេរុយសាឡិម)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅថ្ងៃចន្ទនេះថា តាមការព្យាកររបស់ WHO ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅអ៊ុយក្រែន នឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងខែតុលា ខាងមុខនេះ ដែលអាចនឹងធ្វើឱ្យមន្ទីរពេទ្យមួយចំនួនប្រឈមមុខនឹងការខ្វះខាតដូចជាគ្រែជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ្គេប្រេយ៉េស៊ូស បានប្រាប់គណៈកម្មាធិការប្រចាំតំបន់របស់ WHO សម្រាប់សន្និសីទអឺរ៉ុប នៅទីក្រុងតែល អាវីវ (Tel Aviv) យ៉ាងដូច្នេះថា «ឥឡូវនេះ យើងកំពុងមើលឃើញមានការកើនឡើងនៃករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសអ៊ុយក្រែន។ តាមការប៉ាន់ប្រមាណ ការឆ្លងរាលដាលអាចឈានដល់ កម្រិតខ្ពស់បំផុត នៅដើមខែតុលា ហើយមន្ទីរពេទ្យអាចប្រឈមមុខនឹងការខ្វះខាតគ្រឿងបរិក្ខារ។ បញ្ហាកង្វះអុកស៊ីសែនត្រូវបានព្យាករជាបញ្ហាចម្បង ដោយសារតែប្រភពផ្គត់ផ្គង់សំខាន់ៗ ស្ថិតនៅឯតំបន់សមរភូមិ»

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង នាខែកុម្ភៈ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការថែទាំសុខភាព ដោយមានការវាយប្រហារជាង ៥០០លើកមកលើ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ១០០នាក់។ ប្រមុខ WHO ក៏បាននិយាយផងដែរថា សង្រ្គាមអាចបង្កើនការរីករាលដាលនៃជំងឺស្វិតដៃជើង ឬជំងឺ Polio។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែនមានការគ្របដណ្តប់លើការចាក់វ៉ាក់សាំងទាប សម្រាប់ទាំងជំងឺកូវីដ ១៩ និងជំងឺស្វិតដៃជើង ជាជំងឺឆ្លងភាគច្រើនប៉ះពាល់ដល់កុមារដែលអាចបណ្តាលឲ្យខ្វិន និងស្លាប់ ក្នុងករណីកម្រ៕