(ហ្សេរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក បេននី ហ្គាន់ស៍ (Benny Gantz) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៉ីរ៉ង់បានប្រើប្រាស់ រោងចក្រយោធាជាង ១០កន្លែងក្នុងប្រទេសស៊ីរី ដើម្បីផលិតមីស៉ីល និងអាវុធទំនើបៗ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទមួយនៅទីក្រុងញូវយ៉ក លោក ហ្គាន់ស៍ បានបង្ហាញផែនទីនៃរោងចក្រយោធាមួយ ដែលលោកអះអាងថាជាមជ្ឈមណ្ឌល CERS ដែលជា ទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលស៊ីរី ទទួលបន្ទុកកិច្ចការផលិតមីស៊ីល និងអាវុធ សម្រាប់អ៉ីរ៉ង់។

លោក ហ្គាន់ស៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៉ីរ៉ង់បានកែប្រែមជ្ឈមណ្ឌលមួយនេះ ឱ្យទៅជាកន្លែងសម្រាប់ផលិតមីស៉ីល និងអាវុធរយៈចម្ងាយមធ្យម រយៈចម្ងាយឆ្ងាយ និងជាក់លាក់ ដែលត្រូវផ្តល់ទៅឲ្យក្រុមហេសបូឡា និងកងជីវពលស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់ ឬអាចនិយាយម្យ៉ាងទៀតបានថា មានតួនាទីផលិតអាវុធយុទ្ធសាស្ត្រទំនើប»

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ៉ីស្រាអែលបានតាមដានយ៉ាងដិតដល់ជុំវិញសកម្មភាពរបស់អ៉ីរ៉ង់ក្នុងប្រទេសស៊ីរី។ យ៉ាងនេះក្តី មិនទាន់មាន ការឆ្លើយតបពីសំណាក់ប្រទេសអ៉ីរ៉ង់ និងស៉ីរី នោះទេ ក្រោយពីមានការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែលខាងលើនេះ។ ប៉ុន្តែកន្លងទៅ ទីក្រុងដាម៉ាស បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់បែបនេះ ខណៈទីក្រុងតេហេរ៉ង់បានអះអាងថាខ្លួនមិនបានបង្កើតសមត្ថភាពផលិតអាវុធ នៅទូទាំងតំបន់មជ្ឈឹមបូព៌ា ឡើយ៕