(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) បាននិយាយថានូវែលសេឡង់នឹងមិនចាត់វិធានការចាំបាច់នានា ដើម្បីក្លាយខ្លួនជាសាធារណរដ្ឋមួយ ក្នុងរយៈពេលដ៏ខ្លីនោះទេ បើទោះជាលោកស្រីផ្ទាល់ជឿថាប្រជាជាតិប៉ាស៊ីហ្វិកមួយនេះអាចនឹងក្លាយជាសាធារណរដ្ឋ នៅពេលអនាគត ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី អាឌើន ធ្វើការកត់សម្គាល់លើប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅពេលត្រូវបានសាកសួរថាតើការផ្លាស់ប្ដូរនៅក្នុងរាជ្យវង្ស ចក្រភពអង់គ្លេស នៅក្រោយការចូលទិវង្គតរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សបែតទី២ អាចនឹងនាំឱ្យមានការជជែកដេញដោលពីរបបសាធារណរដ្ឋ ក្នុងប្រទេស នូវែលសេឡង់ ដែរឬទេ?
ថ្លែងនាឱកាសនោះ លោកស្រី អាឌើន បានកត់សម្គាល់ដូច្នេះថា «ខ្ញុំមិនគិតថាវាជារឿងបន្ទាន់នោះទេ។ វាមានបញ្ហាប្រឈមជាច្រើនដែលយើងត្រូវប្រឈម ហើយវាជាការជជែកដេញដោលដែលត្រូវចំណាយពេលយូរ និងសំខាន់បំផុត...កុំគិតថាវាជារឿងមួយដែលអាចនឹង ឬគួរតែកើតឡើងភ្លាមៗ»។
គួរបញ្ជាក់ថា នូវែលសេឡង់ គឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសចំនួន១៥ ដូចជាអូស្ត្រាលី និងកាណាដាជាដើម ដែលមានសេ្ដចចក្រភពអង់គ្លេស ជាប្រមុខរដ្ឋ៕