(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថាកងកម្លាំងរបស់លោករំដោះបានទឹកដីប្រហែល ៦,០០០គីឡូម៉ែត្រក្រឡា ហើយពីរុស្ស៉ី នៅក្នុងប្រតិបត្តិការវាយបកក្នុងខែកញ្ញានេះ ហើយដែលនេះជាបរាជ័យធ្ងន់ធ្ងរបំផុតមួយរបស់ទីក្រុងមូស្គូ ក្នុងសង្រ្គាមអូសបន្លាយពេលជិត ៧ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់ យើងរំដោះបានទឹកដីអ៊ុយក្រែនប្រហែល ៦,០០០គីឡូម៉ែត្រក្រឡាហើយ នៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ហើយយើងកំពុងបន្ត ឆ្ពោះទៅមុខ»។
កងកម្លាំងអ៊ុយក្រែន បានបន្តវាយរំដោះទឹកដីរបស់ខ្លួនកាន់តែច្រើនកាលពីថ្ងៃចន្ទ និងបានចាប់ខ្លួនកងទ័ពរុស្ស៉ីជាច្រើននាក់ផងដែរ ព្រមទាំងរឹបអូសបាន អាវុធមួយចំនួនធំ។ ក៏ប៉ុន្តែ លោក ហ្សេលេនស្គី នៅតែបន្តអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិច ផ្ដល់អាវុធបន្ថែមឱ្យអ៊ុយក្រែនដើម្បីអាច បន្តភាពរីកចម្រើន និងពង្រឹងមូលដ្ឋានដែលរំដោះបានពីរុស្ស៉ី៕