(ប៉េកាំង)៖ ចិន មានផែនការបញ្ជូនបេសកកម្មយានរុករកចំនួន៣ ទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីបានរកឃើញរ៉ែឋានព្រះចន្ទថ្មីមួយដែលអាចនឹង ត្រូវបានប្រើជាប្រភពថាមពលនៅពេលអនាគត។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ការប្រជែងគ្នាផ្នែកទីអវកាសរវាងចិន និងសហរដ្ឋអាមេរិក មានសន្ទុះកាន់តែខ្លាំងឡើង ក្រោយរដ្ឋបាលជាតិអវកាសចិន បានយល់ព្រមបញ្ជូន យានរុករកចំនួន៣គ្រឿង ទៅកាន់ឋានព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ការសម្រេចចិត្តបែបនេះធ្វើឡើង បន្ទាប់ពីចិនបានក្លាយជា ប្រទេសទី៣ ដែលបានរកឃើញរ៉ែឋានព្រះចន្ទថ្មីមួយ ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា ឆាងអឺសាយ (Changesite-(Y))។
គួរបញ្ជាក់ថា បេសកកម្ម ឆាងអឺ៥ (Chang'e-5) របស់ចិនបាននាំយកសំណាកមួយចំនួនពីឋានព្រះចន្ទមកផែនដី កាលពីឆ្នាំ២០២០ ហើយនៅពេលនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានហៅសំណាកទាំងនោះថា «រ៉ែផូស្វាត» ព្រមទាំងមានផ្ទុកសារធាតុអេលីល្យូម ៣ (helium-3) ដែលអាចនឹងត្រូវបានប្រើប្រាស់ជាថាមពលនៅពេលអនាគត៕