(ឡុងដ៍)៖ ប្រតិបត្តិការវាយបកដណ្ដើមយកទឹកដី មកវិញរបស់កងទ័ពអ៊ុយក្រែន ដែលបានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី៦ ខែកញ្ញានេះ បាននិងកំពុងជឿនលឿនទៅមុខ នៅក្នុងសមរភូមិនៅឯភាគឦសាននៃប្រទេស ដោយកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ប្រមុខយោធាអ៊ុយក្រែន លោក វ៉ាឡេរី ហ្សាលូស្នី (Valery Zaluzhny) បានប្រកាសថាកងកម្លាំងរបស់លោកបានវាយដណ្ដើមយកទឹកដីជាង ៣,០០០គីឡូម៉ែត្រក្រឡាត្រឡប់មកវិញ។

ខណៈកងទ័ពអ៊ុយក្រែន កាន់តែវាយរុលទៅមុខយ៉ាងលឿនរហ័ស ជាមួយការវាយដណ្ដើមបានទីក្រុងយុទ្ធសាស្ត្រចំនួន២ គឺទីក្រុង អ៉ីស្យូម (Izyum) និងទីក្រុង គូព្យាន់ស្កិ៍ (Kupyansk) កងទ័ពរុស្ស៉ីត្រូវបានគេរាយការណ៍ថាបានដកថយ និងបោះបង់ចោលអាវុធក្នុងចំនួនដ៏ច្រើន។ ការដណ្ដើមកាន់កាប់បានទីក្រុងយុទ្ធសាស្ត្រទាំង២នេះមកវិញ របស់កងទ័ពអ៊ុយក្រែន វានឹងធ្វើឱ្យរុស្ស៉ីកាន់តែពិបាកក្នុងការសម្រេចឱ្យបាននូវផែនការ «លេបយកតំបន់ដុនបាស់ទាំងមូលរបស់អ៊ុយក្រែន»។ ផ្ទុយមកវិញ វានឹងផ្ដល់ ក្ដីសង្ឃឹមកាន់តែច្រើនផងដែរដល់ទីក្រុងកៀវ ដើម្បីវាយដណ្ដើមយកទឹកដីជាច្រើនទៀតមកវិញ ក្នុងនោះរួមមានទាំងទីក្រុង សេវែរ៉ូដូណេត (Severodonetsk) ដែល ត្រូវបានរុស្សីដណ្ដើមគ្រប់គ្រងក្នុងការវាយប្រយុទ្ធគ្នាដោយបង្ហូរឈាមកាលពីប៉ុន្មានខែមុននេះ។

ប្រតិបត្តិការវាយបករបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ខាកៀវ (Kharkiv) បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមអ្នកជំនាញ ហើយសូម្បីតែមេបញ្ជាការយោធារុស្ស៉ី ក៏សឹងតែមិនជឿថាអ៊ុយក្រែនមានសមត្ថភាពវាយប្រហារលឿនដូចផ្លេកបន្ទោបែបនេះដែរ។ ប្រតិបតិ្តការនេះបានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី៦ ខែកញ្ញានេះ ពោលគឺ ២ថ្ងៃ បន្ទាប់ពីកងទ័ពអ៊ុយក្រែនបាញ់ផ្លោងកាំភ្លើងធំយ៉ាងសន្ធឹកសន្ធាប់ឡោមព័ទ្ធទីក្រុង បាឡាគ្លីយ៉ា (Balakliya)។ ៣ថ្ងៃក្រោយមក កងទ័ពអ៊ុយក្រែនបានវាយកាន់កាប់ទីក្រុង គូព្យាន់ស្កិ៍ ហើយនៅថ្ងៃទី១០ ខែកញ្ញា ទីក្រុង អ៉ីស្យូម ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយទៀតនៅក្បែរគ្នានោះត្រូវបានកងទ័ពអ៊ុយក្រែន ឡោមព័ទ្ធ និងវាយដណ្ដើមបាន ក្រោយកងទ័ពរុស្ស៉ីមួយភាគធំបានដកថយឆ្ពោះទៅភាគខាងកើត។

ការវាយប្រយុទ្ធគ្នានៅតែបន្តធ្វើឡើង។ ក៏ប៉ុន្តែ ផែនទីមួយដែលបញ្ចេញដោយក្រសួងការពារជាតិរុស្ស៉ី បានបង្ហាញថាកងកម្លាំងរបស់ខ្លួនបានដកថយស្ទើរតែទំាងស្រុងចេញពី តំបន់ខាកៀវ ឆ្ពោះទៅកាន់ «ខ្សែការពារថ្មីមួយ» ស្ថិតនៅតាមបណ្ដោយទន្លេអូសខៀល (Oskil)។ គួបផ្សំជាមួយការប្រើល្បិច ដែលធ្វើឱ្យកងទ័ពរុស្ស៉ីខ្វះការប្រុងប្រយ័ត្ន អ៊ុយក្រែនបានកាត់បន្ថយអាវុធធុនធ្ងន់ពីកងកម្លាំងប្រយុទ្ធរបស់ខ្លួន ដោយការវាយយកបានទីក្រុង Balakliya អ៊ុយក្រែនបានប្រើរថក្រោះត្រឹមតែ ១៥គ្រឿង ឬលើសនេះ តិចតួចប៉ុណ្ណោះ។ ធ្វើបែបនេះគឺដើម្បីឱ្យកងទ័ពរុស្ស៉ីយល់ថាការវាយប្រហារនេះគឺជាល្បិច ហើយឱ្យកងទ័ពរុស្ស៉ីគិតថាទីក្រុងកៀវ កំពុងបង្វែរកម្លាំងផ្តោតតែទៅលើ ការវាយប្រហារលើតំបន់ភាគខាងត្បូងដូចជាខឺសុន។

យ៉ាងក៏ណាដោយ អ៊ុយក្រែនអាចទទួលបានលទ្ធផលល្អនេះ ក៏ដោយសារតែការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដងដែលបានផ្ដល់ឱ្យនូវ ប្រព័ន្ធរ៉ាដាប្រឆាំងមីស៊ីល និងប្រព័ន្ធមីស៊ីល HIMARS ព្រមទាំងព័ត៌មានសម្ងាត់ជួយឱ្យអ៊ុយក្រែនកំណត់គោលដៅជាក់លាក់ប្រឆាំងនឹងកងទ័ពរុស្ស៉ី។ អភិបាលតំបន់លូហាន (Luhansk) របស់អ៊ុយក្រែន លោក ស៊ែរហ៊ី ហៃដៃ (Serhiy Haidai) បាននិយាយថាលោកជឿជាក់ថាវាអាស្រ័យតែទៅលើពេលវេលាប៉ុណ្ណោះ ដោយមិនយូរមិនឆាប់ កងទ័ពអ៊ុយក្រែននឹងឆ្លងទន្លេ ដូណេត (Donets) និងវាយសម្រុកចូលទីក្រុង ស្វាតូវ (Svatove) រូប៊ីស្នេ (Rubizhne) លីស៊ីចាន់ស្កិ៍ (Lysychansk) និងទីក្រុង សែវែរ៉ូដូណេត (Severodonetsk) ដែលសុទ្ធសឹងជាទីក្រុងត្រូវបានរុស្ស៉ីដណ្ដើមកាន់កាប់កាលពីខែកក្កដាកន្លងទៅ។

លោកបន្ថែមថាកងទ័ពរុស្ស៉ីកំពុងបាក់ទ័ព ដោយខែ្សការពាររបស់ពួកគេត្រូវបានវាយបំបែក។ តែទោះជាបែបនេះក្ដី លោក អូឡេស ហ្ស៉ីដាណូវ (Oleh Zhdanov) ជាអតីតយោធាអ៊ុយក្រែនម្នាក់ បានកត់សម្គាល់ថាថ្នាក់ដឹកនាំយោធាអ៊ុយក្រែន គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយធ្វើការវាយប្រហារដោយសន្សឹមៗ និងពង្រឹងកម្លាំង ខ្សែការពារពីខាងក្រោយ ដ្បិតការវាយប្រហារលឿនពេកអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ ឬបរាជ័យ។

ក្រៅតែពីបង្កចលាចលដល់កងទ័ពរុស្ស៉ី ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែនក៏បាន និងកំពុងជំរុញឱ្យក្រុមអ្នកជាតិនិយមរុស្ស៉ីមួយចំនួនរិះគន់មេបញ្ជាការ និងថ្នាក់ដឹកនាំ យោធារុស្ស៉ីផងដែរ ដោយក្នុងចំណោមពួកគេ មានអ្នកខ្លះបានអំពាវនាវឱ្យទីក្រុងមូស្គូ ផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងប្រកាសសង្រ្គាមផ្លូវការលើអ៊ុយក្រែន។ «យើងបានបរាជ័យ រួចទៅហើយ ពោលគឺវាអាស្រ័យតែទៅលើពេលវេលាប៉ុណ្ណោះ»។ នេះជាការគូសបញ្ជាក់របស់លោក អ៉ីហ្គ័រ ហ្សៀគីន (Igor Girkin) ជាអ្នកជាតិនិយមជ្រុលរុស្ស៉ីម្នាក់ ដែលបានដឹកនាំប្រតិបតិ្តការវាយលុករបស់រុស្ស៉ីក្នុងតំបន់ដុនបាស់ កាលពីឆ្នាំ២០១៤។ លើសពីនេះទៅទៀត ដូចគ្នាដែរ លោក ម៉ៃឃើល កូហ្វម៉ាន (Michael Kofman) អ្នកជំនាញមកពីវិទ្យាស្ថានអាមេរិក CNA យល់ថារុស្ស៉ីទទួលបរាជ័យធ្ងន់ធ្ងរបែបនេះ ដោយសារតែគុណភាពនៃកងទ័ពរបស់ខ្លួនមានការថយចុះដោយកងទ័ពដែលកំពុង ស្ថិតនៅលើសមរភូមិ មិនត្រូវបានប្ដូរវេនគ្រប់គ្រាន់ ជាហេតុបង្កឱ្យពួកគេអស់កម្លាំងក្នុងការប្រយុទ្ធ។ បើតាមអ្នកជំនាញរូបនេះ រុស្ស៉ីនឹងមិនមានកងទ័ពគ្រប់គ្រាន់សម្រាប់ ធ្វើសង្រ្គាមយូរអង្វែងនេះទៀតទេ ប្រសិនបើមិនប្រកាសសង្រ្គាមលើអ៊ុយក្រែនជាផ្លូវការដើម្បីកែនទ័ពបន្ថែម។

គួរបញ្ជាក់ថា ទាំងវិមានក្រឹមឡាំង និងលោក ពូទីន រួមទាំងក្រសួងការពារជាតិរុស្ស៉ី នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ដោយមិននិយាយពីបរាជ័យក្នុងតំបន់ខាកៀវឡើយ ខណៈ លោក ពូទីនផ្ទាល់ហាក់ដូចជាមិនអើពើទេចំពោះបរាជ័យនេះ។ ពោលគឺក្នុងពេលដែលកងទ័ពអ៊ុយក្រែនវាយដណ្ដើមបានទីក្រុងអ៉ីស្យូម កាលពីទី១០ ខែកញ្ញាកន្លងទៅនេះ លោក ពូទីន នៅតែបន្តចូលរួមក្នុងពិធីសម្ពោធ «កន្ត្រកវិលកម្សាន្ត» មួយដ៏ធំមួយនៅឯសួនឧទ្យានមួយ ក្នុងទីក្រុងមូស្គូ។

បើតាមក្រុមអ្នកជំនាញផ្នែកកិច្ចការសង្រ្គាម មកពីវិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម (Institute for the Study of War) ជ័យជម្នះរបស់អ៊ុយក្រែនក្នុងតំបន់ខាកៀវ មិនមែនមានន័យសង្រ្គាមនឹងបញ្ចប់ក្នុងពេលឆាប់ៗនោះទេ។ ពួកគេយល់ថាសង្រ្គាមនេះអាចនឹងអូសបន្លាយចូលដល់ឆ្នាំ២០២៣ ហើយស្ថានការណ៍សង្រ្គាមសព្វថ្ងៃ បានឈានចូលដល់ដំណាក់កាលដ៏កាន់តែគ្រោះថ្នាក់ ដែលក្រុមអ្នកវិភាគជាច្រើនធ្លាប់បានព្រមានជារឿយៗថាលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ដើម្បី បញ្ចៀសបរាជ័យនៅអ៊ុយក្រែន៕