(ឡុងដ៍)៖ សេ្តច ឆាល (Charles) បានមានព្រះបន្ទូលប្រាប់សភាកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ទ្រង់បានតាំងព្រះហឫទ័យយ៉ាងស្មោះស្ម័គ្រ ក្នុងការដើរតាមគន្លងរបស់មាតារបស់ទ្រង គឺម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២ (Elizabeth II) ក្នុងការថ្លែងទៅកាន់សមាជិកសភា នៅក្នុងអ្វីដែលទ្រង់ពណ៌នាថាជា «ឧបករណ៍ជីវិត និងច្រកចេញសម្រាប់លទ្ធិប្រជាធិបតេយ្យ»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងពិធីមួយនៅសាល Westminster Hall ដែលជាអគារចំណាស់ជាងគេនៅលើទឹកដីសភា ស្តេច ឆាល បានប្រើសុន្ទរកថារបស់ទ្រង់ទៅកាន់សភាជាន់ខ្ពស់ និងទាប ដើម្បីឧទ្ទិសដល់ព្រះមាតារបស់ទ្រង់ និងសន្យាថា នឹងគោរពគោលការណ៍នៃរដ្ឋាភិបាលរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា សេ្តច ឆាល (Charles) ដែលជាព្រះរាជបុត្រច្បងនឹងឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រអង់គ្លេសថ្មី បន្ទាប់ពីព្រះមាតា គឺព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) សោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងព្រះជន្ម ៩៦ព្រះវស្សា៕