(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាមប្រេច (Christine Lambrecht) នាថ្ងៃចន្ទនេះបានបដិសេធសាជាថ្មី ចំពោះសំណើចង់បានរថក្រោះពីសំណាក់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងចេញពីរដ្ឋធានីបែរឡាំង លោកស្រីរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានលើកឡើងច្បាស់ៗយ៉ាងដូច្នេះថា «មកទល់ពេលឥឡូវនេះ ពុំទាន់ឃើញមានប្រទេសណា ដែលផ្តល់រថពាសដែកសម្រាប់ប្រយុទ្ធឬរថក្រោះ ដែលផលិតដោយបច្ចេកវិទ្យារបស់លោកខាងលិច ឱ្យទៅទីក្រុងកៀវនោះទេ។ យើងបានព្រមព្រៀងគ្នាជាមួយបណ្តាដៃគូយើងថា អាល្លឺម៉ង់នឹងធ្វើយ៉ាងដូច្នេះតាមបែបឯកតោភាគីឡើយ»។
គួរបញ្ជាក់ថា អ៊ុយក្រែនមានបំណងចង់ឱ្យទីក្រុងបែរឡាំង បញ្ជូនរថក្រោះធុន លីអូផាត (Leopard) និងរថពាសដែកសម្រាប់ប្រយុទ្ធធុន ម៉ាដឺ (Marder) ទៅឱ្យខ្លួន។ ចាប់តាំងតែពីសង្រ្គាមផ្ទុះឡើងមក អ៊ុយក្រែនទទួលបានជំនួយរថក្រោះប្រហែលចំនួន ២៣០គ្រឿង ពីប៉ូឡូញនិងសាធារណរដ្ឋឆែក ប៉ុន្តែពួកវាសុទ្ធតែជា រថក្រោះដែលផលិតឡើងដោយអតីតសហភាពសូវៀត៕