(បាងកក)៖ តាមការស្ទង់មតិមួយនាពេលថ្មីៗនេះបានបង្ហាញថា ប្រជាជនថៃជាង ៦០ភាគរយ ចង់ឲ្យរដ្ឋាភិបាលរំលាយសភា និងរៀបចំការបោះឆ្នោតមុនពេលកំណត់ ខណៈដែលតុលាការធម្មនុញ្ញថៃ កំពុងពិចារណាលើ អនាគតរបស់លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែលត្រូវបានព្យួរតំណែងនាយករដ្ឋមន្រ្តី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

ការស្ទង់មតិលើមនុស្សចំនួន ១,៣១២នាក់ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី៧ ខែកញ្ញា ដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) បានរកឃើញថា មតិ៦០.៨០ភាគរយ យល់ស្របយ៉ាងមុតមាំថា លោក ប្រ៉ាវីត វង់ស៊ូវ៉ាន (Prawit Wongsuwan) នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន គួរតែរំលាយសភា ហើយរៀបចំការបោះឆ្នោតមុនពេលកំណត់ ខណៈ ១៣.៩៥ភាគរយ បានជំទាស់។ ជុំវិញការស្ទង់មតិខាងលើនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ មិនបានឆ្លើយតបចំពោះ សំណើរសុំអត្ថាធិប្បាយរបស់ Reuters ឡើយ កាលពីថ្ងៃអាទិត្យកន្លងទៅ។

គួរបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ការបោះឆ្នោតអាណត្តិក្រោយ នឹងត្រូវធ្វើឡើងមិនឱ្យហួសពីខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែវាអាចនឹងប្រព្រឹត្តទៅឆាប់ជាងនេះ ប្រសិនបើសភាត្រូវបានរំលាយ៕