(អាថែន)៖ ចំពោះមុខភាពតានតឹង ដែលបាននិងកំពុងកើនឡើងស្រាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ក្រុមនាវាឆ្មាំសមុទ្ររបស់ប្រទេសក្រិក បានធ្វើសកម្មភាពបាញ់ព្រមាន ទៅលើកប៉ាល់ដឹកទំនិញ១គ្រឿង ដែលធ្វើដំណើរក្នុងដែនទឹកអន្តរជាតិ នៅតំបន់សមុទ្រអេជៀន (Aegean Sea)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ឆ្មាំសមុទ្រតួកគីបានឱ្យដឹងថា មិនមានអ្នករងគ្រោះថ្នាក់ទេ នៅក្នុងហេតុការណ៍ដែលបានកើតឡើងកាលពី ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ នៅចម្ងាយ២០គីឡូម៉ែត្រពីភាគនិរតី នៃកោះបូស្កាអាដា (Bozcaada) របស់តួកគី។ សេចក្តីថ្លែងការណ៍បន្តទៀតថា ក្រោយការបាញ់ព្រមានពីសំណាក់នាវា ២គ្រឿងរបស់ក្រិក នាវាឆ្មាំសមុទ្រតួកគី២គ្រឿង ក៏ត្រូវបានចល័តទៅកាន់តំបន់នោះផងដែរ។

ចំណែកខាងកងឆ្មាំសមុទ្រក្រិកបានទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់ព្រមានលើកប៉ាល់១គ្រឿង ដែលធ្វើដំណើរក្នុងសកម្មភាព គួរឱ្យសង្ស័យនៅក្នុងដែនទឹករបស់ក្រិក ក្បែរកោះឡេសបូស (Lesbos)។ បើតាមអាជ្ញាធរក្រិក កាប់ពីតែនកប៉ាល់ដឹកទំនិញនោះ មិនព្រមអនុញ្ញាតឱ្យមានការព្រួតពិនិត្យ ហើយក្រោយមកក៏ត្រូវបានអមដំណើរ ចេញទៅកាន់ដែនទឹករបស់តួកគីវិញ ហើយពួកគេក៏បានជូនដំណឹង អំពីឧប្បត្តិហេតុនេះ ដល់អាជ្ញាធរដែនសមុទ្រតួកគីផងដែរ។

តំបន់កើតហេតុខាងលើ ត្រូវគេស្គាល់ថាជា ផ្លូវដែលកប៉ាល់ជាច្រើន ប្រើប្រាស់ដើម្បីនាំជនភៀសខ្លួនចេញពីតួកគី ទៅកាន់អ៉ីតាលីនិងក្រិក ដែលជាសមាជិកនៃសហភាពអឺរ៉ុប។ កងកម្លាំងឆ្មាំសមុទ្ររបស់ក្រិកនិយាយថា ខ្លួនតែងតែធ្វើការឆែកឆេរជាប្រចាំទៅលើកប៉ាល់នានា ដែលបង្ហាញសកម្មភាពសង្ស័យ នៅតំបន់សមុទ្រអេជៀន។

គួរបញ្ជាក់ថា ក្រិកនិងតួកគីដែលជាប្រទេសជិតខាង គឺបានបន្តស្ថិតក្នុងបញ្ហាជម្លោះរ៉ាំរ៉ៃ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ខណៈភាពតានតឹងបានកើនឡើងកំលុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដោយសារភាគីទាំងសងខាងបានចោទគ្នាទៅវិញទៅមក អំពីសកម្មភាពរំលោភដែនអាកាស៕