(ហ្សេរុយសាឡិម)៖ មន្រ្តីអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា អ៉ីស្រាអែលមិនរំពឹងថា នឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ថ្មីជាមួយក្រុមមហាអំណាចពិភពលោក អាចនឹងសម្រេចបាន នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកាខាងមុខនេះនោះទេ បន្ទាប់ពីក្រុមមន្រ្តីនៃប្រទេសអឺរ៉ុប បានសម្តែងការខកចិត្តចំពោះទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានឲ្យដឹងថា ពួកគេមាន «ការសង្ស័យយ៉ាងខ្លាំង» អំពីចេតនារបស់អ៉ីរ៉ង់ ក្រោយពីទីក្រុងតេហេរ៉ង់ បានព្យាយាមផ្សារភ្ជាប់ការស្តារឡើងឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងការបិទមិនឲ្យមានការស៉ើបអង្កេតរបស់អង្គការសហប្រជាជាតិ នៅទីតាំងវត្តមានសារធាតុអ៊ុយរ៉ាញ៉ូម នៅទីតាំងនុយក្លេអ៊ែរចំនួន៣កន្លែង របស់ខ្លួន។ ចំណែកទីក្រុងតេហេរ៉ង់ បានហៅសេចក្តីថ្លែងការណ៍របស់ប្រទេសអឺរ៉ុប ថា «គ្មានភាពស្ថាបនា»។
ទាក់ទងបញ្ហាខាងលើ ក្រុមមន្រ្តីអ៉ីស្រាអែលបានប្រាប់ ក្រុមអ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងយ៉ាងដូច្នេះថា «នៅពេលនេះ វាហាក់បីដូចជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអ៉ីរ៉ង់ នឹងមិនអាចត្រូវបានចុះហត្ថលេខាបានឡើយ រហូតទាល់តែយ៉ាងហោច ដល់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណ ត្តិរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ដោយគាំទ្រចំពោះ ការសម្រេចចិត្តកាលពីឆ្នាំ២០១៨ របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥នេះ អ៉ីស្រាអែលបានប្រឹងប្រែងបង្ហាញជំហរជំទាស់មិនចង់ឱ្យ រដ្ឋបាលអាមេរិកបច្ចុប្បន្នរបស់ប្រធានាធិបតី លោក ចូ បៃដិន ត្រឡប់ចូលទៅវិញឡើយ។ យ៉ាងណាក្តី អ៉ីស្រាអែលមិនមែនជា ភាគីនៃកិច្ចចរចាទីក្រុងវីយ៉ែននោះទេ៕