(សាំងចន)៖ នាយករដ្ឋមន្រ្តីនៃប្រទេសអង់ទីហ្កានិងបាប៊ុយដា លោក ហ្កាស្តុន ប្រោន (Gaston Browne) កាលពីពេលថ្មីៗនេះ បានប្រកាសថា កូនប្រទេសដីកោះនៅតំបន់សមុទ្រការីបង់មួយនេះ គ្រោងនឹងរៀបចំឱ្យមានការបោះឆ្នោតក្នុងចំណោមប្រជាជន ដើម្បីសម្រេចថាតើ គួរឬមិនគួរក្លាយជាសាធារណរដ្ឋ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Aljazeera នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

«នេះគឺជាបញ្ហាដែលត្រូវតែឆ្លងកាត់ការបោះឆ្នោតប្រជាមតិ ដែលអាចនឹងប្រព្រឹត្តទៅក្នុងរយៈពេល ប្រហែលជា៣ឆ្នាំខាងមុខ»។ លោក ប្រោន បានលើកឡើងយ៉ាងដូច្នេះ គឺមិនយូរប៉ុន្មានឡើយបន្ទាប់ពី ព្រះអង្គ ឆាលស៍ទី៣ (Charles III) ត្រូវបានប្រកាសផ្លូវការថាជា ព្រះមហាក្សត្រថ្មីរបស់ចក្រភពអង់គ្លេស ក្រោយការយាងសោយទិវង្គតរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ (Elizabeth II)។

គួរបញ្ជាក់ថា កូនប្រទេសដីកោះខាងលើ ដែលមានប្រជាជនត្រឹម១០០,០០០នាក់ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៨១ ប៉ុន្តែស្ថិតក្នុងចំណោមក្រុមប្រទេសចំនួន១៤ ក្រៅពីចក្រភពអង់គ្លេស ដែលនៅទទួលស្គាល់ក្សត្រ-ក្សត្រិយ៍របស់អង់គ្លេស ជាប្រមុខរដ្ឋរួមរបស់ពួកគេ។ កាលពីចុងឆ្នាំមុន ប្រទេសដីកោះបាបាដូ ទើបតែបានដកខ្លួនជាផ្លូវការពីក្រុមប្រទេសទាំងនោះ ហើយហ្សាម៉ាអ៉ីក ដែលបច្ចុប្បន្នជាសមាជិកនៅឡើយ បានឱ្យសញ្ញាថានឹងដើរតាមជំហានដូចគ្នា ខណៈប្រទេសទាំងពីរនេះ ក៏សុទ្ធតែស្ថិតនៅតំបន់សមុទ្រការីបង់ដែរ៕