(ហ្សាការតា)៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃចន្ទនេះ បានបង្ហើបឱ្យដឹងថា ឥណ្ឌូណេស៉ីកំពុងពិចារណាលើ ការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី ដើម្បីទប់ទល់ជាមួយការកើនឡើងនៃថ្លៃថាមពល នៅទីផ្សារក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Financial Times នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។
នៅពេលត្រូវបាន Financial Times សួរនាំថាតើ ឥណ្ឌូណេស៉ីនឹងទិញប្រេងរុស្ស៉ីដែរឬទេនោះ លោក Widodo បានឆ្លើយតបដូច្នេះថា «យើងតែងតែតាមដានរាល់ជម្រើសទាំងអស់។ ប្រសិនបើមានប្រទេសដែលផ្តល់ជម្រើសតម្លៃយ៉ាងប្រសើរ ពិតណាស់វាគឺជាភារកិច្ចរបស់រដ្ឋាភិបាល ក្នុងការស្វែងរកប្រភពផ្សេងៗគ្នា ដើម្បីបំពេញតម្រូវការថាមពលសម្រាប់ប្រជាជនរបស់ខ្លួន»។
យោងតាមការលើកឡើងរបស់កាសែត Financial Times ប្រសិនឥណ្ឌូណេស៉ី ពិតជានឹងចូលរួមជាមួយប្រទេសធំៗពីរផ្សេងទៀត គឺឥណ្ឌានិងចិន ដែលបាននិងកំពុងបង្កើនការទិញប្រេងខ្លាំងពីរុស្ស៉ី ដោយសារតែការបញ្ចុះតម្លៃ នោះវាច្បាស់ជានឹងជួយដល់រុស្ស៉ី ក្នុងការកាត់បន្ថយការខាតបង់ ដែលបណ្តាលមកពីការនាំចេញប្រេងថយចុះ ទៅកាន់តំបន់អឺរ៉ុប។
កន្លងទៅ សារព័ត៌មាន Bloomberg ធ្លាប់បានរាយការណ៍ថា អាស៉ីនាំវ៉ាដាច់អឺរ៉ុប ក្លាយជាតំបន់ដែលទិញប្រេងរុស្ស៉ីច្រើនបំផុត ជាលើកដំបូង កាលពីខែមេសា ឆ្នាំនេះ ខណៈប្រទេសអឺរ៉ុបជាច្រើន បាននាំគ្នាបន្ថយការនាំចូលថាមពលរបស់រុស្ស៉ី។ គម្លាតនោះ ក៏កាន់តែធំឡើងថែមទៀត នៅខែឧសភា ស្របពេលដែលឥណ្ឌានិងចិន គឺជាអតិថិជនទិញប្រេងធំបំផុតរបស់ប្រទេសរុស្ស៉ី៕