(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានវាយលុកលើគោលដៅរបស់អ៊ុយក្រែននៅតំបន់ខាកៀវ (Kharkiv) ខណៈកងកម្លាំងអ៊ុយក្រែន កំពុងវាយសម្រុកកាន់តែលឿនទៅមុខ នៅភាគខាងជើងនៃតំបន់មួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិរុស្ស៉ី កងទ័ពរុស្ស៉ីបានវាយលុកលើទីតាំងកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ខាកៀវ ជាមួយនឹងការវាយប្រហារយ៉ាងជាក់លាក់ របស់កងទ័ពអាកាស មីស៉ីល និងកាំភ្លើងធំ។ ដោយដកស្រង់សម្តីរបស់មន្រ្តីតែងតាំងដោយរុស្ស៉ី សារព័ត៌មាន TASS ក៏បានរាយការណ៍ដែរថារុស្ស៉ីបានបញ្ជារឲ្យ កងទ័ពរបស់ខ្លួនចាកចេញពីតំបន់ជុំវិញទីក្រុងអ៉ីស្យូម និងបានស្នើឲ្យប្រជាជននៅទីនោះជម្លៀសខ្លួនទៅកាន់ប្រទេសរុស្ស៉ី។

ដោយឡែក អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកឧត្តមសេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhnyi) បានគូសបញ្ជាក់ដូច្នេះថា «នៅទិសដៅនៃតំបន់ខាកៀវ យើងចាប់ផ្តើមឆ្ពោះទៅមិនត្រឹមតែទៅភាគខាងត្បូង និងភាគខាងកើតប៉ុណ្ណោះទេ តែថែមទាំងទៅភាគខាងជើងផងដែរ។ វាមានចម្ងាយត្រឹមតែ ៥០គីឡូម៉ែត្រពីព្រំដែន ជាមួយរុស្ស៉ី»។ លោក ហ្សាលូស្នី បានបន្ថែមថា កងទ័ពអ៊ុយក្រែន បានដណ្តើមយកមកវិញនូវផ្ទៃដីជាង ៣,០០០គីឡូម៉ែត្រក្រឡា ចាប់តាំងពីដើមខែកញ្ញា មក។

គួរបញ្ជាក់ថា មន្ត្រីរុស្ស៊ីម្នាក់នៅតំបន់ភាគខាងត្បូងជាប់ព្រំដែនអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថាមានមនុស្សរាប់ពាន់នាក់ បានឆ្លងកាត់ព្រំដែន ខណៈកងទ័ពអ៊ុយក្រែន បានអះអាងថាខ្លួនបានវាយរុញច្រានកងទ័ពរុស្ស៉ីនៅភាគខាងកើតប្រទេសរបស់ខ្លួន៕