(អ៉ីស្លាម៉ាបាដ)៖ ក្រុមមន្រ្តីប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អាជ្ញាធរតំបន់ភាគខាងត្បូង គ្រោងនឹងជីកផ្តាច់ផ្លូវហាយវ៉េ អ៉ីនឌូស (Indus) ដែលជាផ្លូវតភ្ជាប់ការដឹកជញ្ជូនដ៏សំខាន់មួយរបស់ប្រទេសប៉ាគីស្ថាន ដើម្បីបើកឲ្យទឹកហូរ និងទប់ស្កាត់ការជន់លិចទីក្រុងដាឌូ (Dadu)។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

យ៉ាងហោចណាស់មានស្រុកចំនួន៣ នៃទីក្រុងដាឌូ ជាទីដែលផ្លូវហាយវ៉េ Indus ត្រូវបានជន់ទឹកលិច និងបានធ្វើឱ្យការធ្វើចរាចរណ៍ត្រូវផ្អាកជាច្រើន សប្តាហ៍មកនេះ ខណៈផ្លូវហាយវ៉េផ្សេងទៀតរបស់ប្រទេសប៉ាគីស្ថាន ដែលតភ្ជាប់ភាគខាងជើង និងខាងត្បូង ក៏រងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ផងដែរ។
លោក ស៉ីយីត ម៊ូតាហ្សា អាលី សាហ៍ (Syed Murtaza Ali Shah) ស្នងការទីក្រុងឌូដា បានលើកឡើងយ៉ាងដូច្នេះថា «តំបន់ទាំងឡាយដែលត្រូវបានទឹកជន់លិច កំពុងឈានចូលដល់ដំណាក់កាលស្តារឡើងវិញ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នរហូត ទាល់តែទឹកហូរចេញពីជ្រលងភ្នំទៅអស់»។ លោកបន្ថែមថាផ្លូវហាយវ៉េមួយនេះ អាចនឹងត្រូវបានកាត់ផ្តាច់។

លោក សាហ៍ បានប្រាប់ Reuters ឲ្យដឹងថា ៩០ភាគរយនៃស្រុកជុំវិញទីក្រុងដាឌូ ត្រូវបានជន់លិច ដូច្នេះទីក្រុង Dadu នៅតែស្ថិតក្រោមការគំរាមកំហែងដែល អាជ្ញាធរកំពុងព្យាយាមការពារ ហើយរដ្ឋាភិបាលបានផ្តល់គ្រឿងចក្រ និងសម្ភារៈទាំងអស់ដែលត្រូវការសម្រាប់សាងសង់ទំនប់។

គួរបញ្ជាក់ថា ទឹកជំនន់ទឹកភ្លៀងមូសុង និងដោយសារទឹកកករលាយនៅភាគខាងជើងនៃប្រទេសប៉ាគីស្ថាន បានបង្កផលប៉ះពាល់ដល់មនុស្ស ៣៣លាននាក់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៣៩១នាក់ ព្រមទាំងបានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ផ្លូវដែក សត្វចិញ្ចឹម និងដំណាំកសិកម្មជាច្រើនផងដែរ៕