(កៀវ)៖ អ៊ុយក្រែន បានចោទប្រកាន់យោធារុស្ស៊ីថាបានវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដើម្បីជាការសងសឹកទៅនឹងការវាយលុកដ៏ឆាប់រហ័សរបស់ ទាហានអ៊ុយក្រែន ដែលបានបង្ខំឲ្យរុស្ស៊ីបោះបង់ចោលបន្ទាយសំខាន់មួយរបស់ខ្លួន នៅឯតំបន់ខាកៀវ (Kharkiv)។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា គោលដៅនៃការវាយប្រហារសងសឹកពីសំណាក់កងកម្លាំងរុស្ស៉ី រួមមានបរិក្ខារផ្គត់ផ្គង់ទឹក និងស្ថានីយ៍ថាមពល ក្នុងទីក្រុងខាកៀវ ហើយបណ្តាលឲ្យដាច់ចរន្តអគ្គិសនីផងដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីយប់ ថ្ងៃអាទិត្យយ៉ាងដូច្នេះថា «គ្មានទីតាំងយោធាណាមួយនៅទីនោះឡើយ, ដូចនេះគោលដៅរបស់រុស្ស៉ី គឺដើម្បីរារាំងកុំឱ្យប្រជាជនទទួលបានពន្លឺ និងកម្ដៅ»

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអ៊ុយក្រែន លោកស្រី ប្រីដហ្គេត ប្រ៊ីនក៍ (Bridget Brink) ក៏បានថ្កោលទោសការវាយប្រហារនេះដែរ ដោយគូសបញ្ជាក់ថា «ការឆ្លើយតបជាក់ស្តែងរបស់រុស្ស៊ីចំពោះការដែលអ៊ុយក្រែនរំដោះបានទីក្រុង និងភូមិនានានៅឯតំបន់ភាគខាងកើត គឺជាការបាញ់មីស៉ីលដើម្បីប៉ុនប៉ងបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់»។ ក៏ប៉ុន្តែ ទីក្រុងមូស្គូ បានបដិសេធថាកងម្លាំងរបស់ខ្លួន មិនបានកំណត់គោលដៅលើជនស៉ីវិល ឬក៏ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន បានហៅការវាយលុកនៃកងកម្លាំងប្រទេសរបស់លោក នៅឯភាគឦសានថាជាការឆ្លើយតបដ៏មានសក្ដានុពល ក្នុងសង្គ្រាម រយៈពេល ៦ខែមកនេះ ព្រមជាមួយនឹងការអះអាងថានៅរដូវរងារខាងមុខ ទាហានអ៊ុយក្រែនអាចវាយយកបានទឹកដីបន្ថែមទៀត ប្រសិនបើទីក្រុងកៀវ ទទួលបានអាវុធបន្ថែមកាន់តែច្រើន៕