(មូស្គូ)៖ ក្រុមអ្នកជាតិនិយមរុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអំពាវនាវលាយឡំជាមួយការខឹងសម្បារឲ្យប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តជាបន្ទាន់ ដើម្បីធានាបាននូវជ័យជម្នះដាច់ខាតក្នុងសង្គ្រាមអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីកងទ័ពរុស្ស៉ីបានបោះបង់ចោលទីក្រុងអ៉ីស្យូម (Izium) នៃតំបន់ខាកៀវ (Kharkiv) ដែលជាបន្ទាយដ៏សំខាន់មួយរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។
ការបាត់បង់ទីក្រុងអ៉ីស្យូម គឺជាបរាជ័យដ៏ធ្ងន់ធ្ងរមួយរបស់កងទ័ពរុស្ស៉ី ចាប់តាំងពីបានដកថយចេញពីរដ្ឋធានីកៀវ កាលពីខែមីនាមក។ ខណៈកងទ័ពរុស្ស៊ី បានសម្រេចបោះបង់ចោលទីក្រុងមួយនេះ កាលពីថ្ងៃសៅរ៍ វាបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមអ្នកអត្ថាធិប្បាយគាំទ្រសង្រ្គាម និងអ្នកជាតិនិយមរុស្ស៊ី នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលមន្រ្តីទីក្រុងមូស្គូមិនបានធ្វើការពន្យល់ណាមួយ ជុំវិញការបរាជ័យនៅភាគឦសាន អ៊ុយក្រែននេះឡើយ។
នៅក្នុងសារជាសំឡេងមួយមានរយៈពេលជាង១១នាទី បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram មេដឹកនាំតំបន់ឆេឆេនី លោក រុំាហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) និងជាមនុស្សសម្ព័ន្ធមិត្តម្នាក់របស់លោក ពូទីនបានរិះគន់យ៉ាងខ្លាំងចំពោះការបោះបង់ចោលទីក្រុងអ៉ីស្យូម។ លោក កាឌីរ៉ូ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ ថ្ងៃនេះ ឬក៏ថ្ងៃស្អែក មិនមានការផ្លាស់ប្ដូរនៅក្នុងប្រតិបត្តិការយោធាពិសេសទេ នោះខ្ញុំនឹងត្រូវបង្ខំចិត្តទៅជួបថ្នាក់ដឹកនាំនៃប្រទេស ដើម្បីពន្យល់ពួកគេ ពីស្ថានភាពជាក់ស្ដែងនៅសមរភូមិ»។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ីក៏បានទទួលស្គាល់ពីបរាជ័យនេះដែរ ហើយបានបញ្ជាឱ្យកងទ័ពរុស្ស៉ីចាកចេញពីតំបន់នៅជុំវិញទីក្រុង អ៉ីស្យូម ដើម្បីទៅពង្រឹងប្រតិបត្តិការឡើងវិញនៅតាមមូលដ្ឋានដទៃនៃតំបន់ដូណេត នៃភាគខាងកើតប្រទេសអ៊ុយក្រែន។ នៅពេលដកថយកងទ័ពរុស្ស៉ីក៏ត្រូវបានគេ រាយការណ៍ផងដែរថា បានបោះបង់ចោលឃ្លាំងគ្រាប់រំសេវ និងបរិក្ខារយោធាជាច្រើន៕