(ព័រម៉ូរេសប៊ី)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៦រ៉ិចទ័រ បានវាយប្រហារលើតំបន់ អឺសធឺន ញូវ ហ្គីណេ (Eastern New Guinea) នៃប្រទេសដែនកោះប៉ាពូអាស៊ី នូវែលហ្គីណេ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៤នាក់ និង ៤នាក់ទៀតរងរបួស ព្រមទាំងបានបង្កការខូចខាតដល់ ផ្ទះជាច្រើនខ្នងផងដែរ។ នេះបើតាមដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។
បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអឺរ៉ុប គ្រោះរញ្ជួយដីខាងលើមានជម្រៅ ៨០គីឡូម៉ែត្រទៅក្នុងដី ដោយបង្កឱ្យមានការប្រកាសអាសន្នពី រលកយក្សស៊ូណាមិផងដែរ។ ប៉ុន្តែ ការប្រកាសអាសន្ននេះត្រូវបានដកចេញវិញ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារលើប្រទេសដែនកោះប៉ាពូអាស៊ី នូវែលហ្គីណេផងដែរ កាលពីឆ្នាំ២០១៨ ដោយនៅពេលនោះបានផ្ដាច់ជីវិតមនុស្សជាង ១០០នាក់ និងការបង្កការខូចខាតផ្ទះរាប់ពាន់ខ្នង៕