(ប៉េកាំង)៖ លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិនក្នុងសប្តាហ៍នេះ ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ សម្រាប់ដំណើរទៅកាន់តំបន់អាស៊ីកណ្តាល ដែលលោកនឹងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។

នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ស៊ី គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ហើយបន្ទាប់មកនឹងជួបជាមួយលោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Samarkand ក្នុងប្រទេសអ៊ូសបេគីស្ថាន។

លោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា លោក ពូទីន ត្រូវបានគេរំពឹងថានឹងជួបលោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូល។ វិមានក្រឹមឡាំងបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត អំពីខ្លឹមសារនៃកិច្ចពិភាក្សានោះទេ ខណៈដែលចិនមិនទាន់បញ្ជាក់ពីគម្រោងធ្វើដំណើររបស់លោក ស៊ី នៅឡើយទេ។

កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យប្រធានធិបតីចិន លោក ស៊ី ជីនពីង បង្ហាញពីឥទ្ធិពលរបស់លោក ខណៈដែលលោក ពូទីន អាចបង្ហាញពីទំនោរចិត្តរបស់រុស្ស៊ីចំពោះអាស៊ី។ មេដឹកនាំទាំងពីរអាចបង្ហាញការប្រឆាំងរបស់ពួកគេ ចំពោះសហរដ្ឋអាមេរិកក៏ដូចជាប្រទេសលោកខាងលិច ដែលស្វែងរកការដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះសង្រ្គាមអ៊ុយក្រែន៕