(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃអាទិត្យនេះបាននិយាយថាកងទ័ពអ៊ុយក្រែន បាន និងកំពុងបន្តទទួលជោគជ័យ ក្នុងប្រតិបត្តិការវាយបកដណ្ដើមយកទឹកដី ពីកងទ័ពរុស្ស៉ីមកវិញ នៅឯតំបន់ខាកៀវ (Kharkiv) ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនស្ដីពីសង្រ្គាមអ៊ុយក្រែន ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងទៀតថាកងទ័ពរុស្ស៉ីទំនងជាងកំពុងដកថយចេញពីតំបន់ ខាកៀវ ក៏ប៉ុន្តែការវាយប្រយុទ្ធគ្នានៅតែបន្តកើតមាននៅតាមផ្នែកជាច្រើននៃទីក្រុង គូព្យាន់ស្កិ៍ (Kupiansk) នីងទីក្រុង អ៉ីស្យូម (Izium)។
គួរបញ្ជាក់ថា បើតាមលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គិតត្រឹមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ កងទ័ពអ៊ុយក្រែនវាយដណ្ដើមយកបានទឹកដីប្រហែល ២,០០០គីឡូម៉ែត្រក្រឡា ពីកងទ័ពរុស្ស៉ីត្រឡប់មកវិញ ចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការវាយបកកាលពីដើមខែកញ្ញានេះមក។
ការអះអាងរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំពេលដែលក្រសួងការពារជាតិរុស្ស៉ី បានទទួលស្គាល់ពីការបាត់បង់ទីក្រុងអ៉ីស្យូម (Izium) នៃតំបន់ខាកៀវ (Kharkiv) ដែលនេះជាបរាជ័យដ៏ធ្ងន់ធ្ងរមួយរបស់កងទ័ពរុស្ស៉ី ចាប់តាំងពីបានដកថយចេញពីរដ្ឋធានីកៀវ កាលពីខែមីនាមក៕