(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេ ដែលបានផ្ញើសារអបអរសាទរដល់ការឡើងគ្រងរាជសម្បត្តិនៃ ព្រះមហាក្សត្រថ្មីរបស់ចក្រភពអង់គ្លេស ឆាលស៍ទី៣ (Charles III) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានអង់គ្លេស Telegraph នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងសារអបអរសាទរ លោក ពូទីន បានលើកឡើងដូច្នេះថា «សូមទទួលយកការអបអរសាទរដ៏ស្មោះស្ម័គ្រពីខ្ញុំ ចំពោះការឡើងសោយរាជ្យរបស់ព្រះអង្គ។ ខ្ញុំសូម ជូនពរព្រះអង្គមានព្រះរាជសុខភាពរឹងមាំ ជោគជ័យ និងជួបតែសំណាងល្អ»

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ព្រះអង្គ ឆាលស៍ទី៣ (Charles III) ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសផ្លូវការ ជាព្រះមហាក្សត្រថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីមាតាទ្រង់គឺម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ (Elizabeth II) បានយាងចូលទិវង្គតក្នុងសប្តាហ៍នេះ។ ចក្រភពអង់គ្លេសបានប្រកាសរយៈពេលកាន់ទុក្ខ រហូតទាល់តែដល់ពេល ព្រះរាជពិធីបុណ្យសពសម្រាប់ម្ចាស់ក្សត្រិយ៍ អេលេហ្សាបេត ត្រូវបញ្ចប់រួចរាល់។ យ៉ាងណាមិញ កាលបរិច្ឆេទគឺមិនទាន់ត្រូវបានប្រកាសទេ ប៉ុន្តែត្រូវគេរំពឹងថានឹងរៀបចំឡើង ក្នុងពេលជាង១សប្តាហ៍ក្រោយការយាងចូលទិវង្គត។

សម្រាប់ព្រះរាជពិធិរាជាភិសេកសម្រាប់ព្រះអង្គ ឆាលស៍ វិញ គឺនឹងត្រូវប្រារព្ធឡើងនៅពេលក្រោយទៀត ហើយក៏មិនច្បាស់ថានៅពេលណា ឱ្យប្រាកដនោះដែរ។ កាលពីជំនាន់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត គឺទ្រង់បានឡើងសោយរាជ្យ នៅខែកុម្ភៈ ឆ្នាំ១៩៥២ ប៉ុន្តែទាល់តែ១៦ខែក្រោយមក ទើបព្រះរាជពិធិរាជាភិសេករបស់ទ្រង់ ត្រូវបានរៀបចំឡើង គឺនៅខែមិថុនា ឆ្នាំ១៩៥៣៕