(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បាននិយាយថាជោគជ័យនៃប្រតិបត្តិការវាយបកប្រឆាំងនឹងរុស្ស៉ី បានបង្ហាញថា អ៊ុយក្រែន មានសមត្ថភាពអាចវាយបំបាក់កងទ័ពរបស់ទីក្រុងមូស្គូ ប៉ុន្តែចាំបាច់ណាស់ ទីក្រុងកៀវ ត្រូវការអាវុធបន្ថែមពីបណ្ដាប្រទេសជាមិត្តរបស់ខ្លួន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។
លោក គូលេបា ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែរបុក (Annalena Baerbock) ដែលបំពេញទស្សនកិច្ចនៅទីក្រុងកៀវ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ និងចំពេលមានសេចក្ដីរាយការណ៍ថារុស្ស៉ីបានបោះបង់ចោលទីក្រុងដែល ជាមូលដ្ឋានដ៏សំខាន់មួយរបស់ខ្លួន នៅភាគខាងឦសាននៃប្រទេសអ៊ុយក្រែន ចំពោះមុខការវាយរុលទៅមុខយ៉ាងលឿនរហ័សរបស់កងទ័ពអ៊ុយក្រែន។
ថ្លែងនាឱកាសនោះ លោក គូលេបា បានលើកឡើងថាសម្ព័ន្ធមិត្តមួយចំនួនមានការស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដោយសារតែខ្លាចធ្វើឱ្យ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខឹងសម្បារ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន អរគុណព្រះជាម្ចាស់ដែលយើងមិនបាន ស្ដាប់ឮការអះអាងបែបនេះតទៅទៀត...យើងបានបង្ហាញថាយើងមានសមត្ថភាពវាយបំបាក់កងទ័ពរុស្ស៉ី ហើយយើងអាចធ្វើបែបនេះបានជាមួយនឹងអាវុធដែលបាន ផ្ដល់មកឱ្យពួកយើង។ ដូច្នេះ ខ្ញុំសូមអះអាងឡើងវិញថាបើយើងទទួលបានអាវុធបន្ថែមកាន់តែច្រើន យើងអាចនឹងឈ្នះកាន់តែលឿន ហើយសង្រ្គាមក៏នឹងបញ្ចប់ កាន់តែលឿនផងដែរ»។
គួរបញ្ជាក់ថា បើទោះជាអាល្លឺម៉ង់បានបញ្ជូនកាំភ្លើងធំ ហាវវីតសឺរ (howitzers) ក៏ដោយ តែទីក្រុងកៀវ ចង់ឱ្យទីក្រុងបែរឡាំងបញ្ជូនអាវុធបន្ថែមក្នុងនោះរួមមាន ទាំងរថក្រោះឡេអូប៉ាដ (Leopard) ប្រព័ន្ធអាវុធប្រឆាំងយន្ដហោះចម្បាំង និងរថពាសដែកប្រយុទ្ធជាដើម៕