(ហ្សាការតា)៖ ទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ី បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើកោះមិនតាវ៉ៃ (Mentawai) ស្ថិតនៅឆ្នេរ ភាគខាងលិចនៃកោះស៊ូម៉ាត្រា (Sumatra) នៅថ្ងៃអាទិត្យនេះ ដោយមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើមានជម្រៅ ២៧គីឡូម៉ែត្រទៅក្នុងដី ខណៈគ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិចទ័រមួយផ្សេងទៀតក៏ត្រូវ បានគេរាយការណ៍នៅក្នុងតំបន់ដូចគ្នានេះផងដែរ។ អាជ្ញាធរមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតផ្លូវការនៅឡើយទេ តែប្រព័ន្ធផ្សព្វផ្សាយ អនឡាញមួយនៅក្នុងស្រុកបាននិយាយថាមនុស្សម្នាក់បានរងរបួស។

ឥណ្ឌូណេស៊ី គឺជាប្រទេសមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះតែងតែ ជួបប្រទះនឹងគ្រោះរញ្ជួយដីជាញឹកញាប់៕