(ព័រម៉ូរេសប៊ី)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៦រ៉ិចទ័រ បានវាយប្រហារលើតំបន់ អឺសធឺន ញូវ ហ្គីណេ (Eastern New Guinea) នៃប្រទេសដែនកោះប៉ាពូអាស៊ី នូវែលហ្គីណេ នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។

ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ថាមានរងរបួស ឬអ្នកស្លាប់ រួមទាំងការខូចខាតផ្លូវការនៅឡើយទេ។ ដោយឡែក បើតាមមជ្ឈមណ្ឌលតាមដាន គ្រោះរញ្ជួយដីអឺរ៉ុប គ្រោះរញ្ជួយដីខាងលើមានជម្រៅ ៨០គីឡូម៉ែត្រទៅក្នុងដី ដោយបង្កឱ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ។ ប៉ុន្តែ ការប្រកាសអាសន្ននេះត្រូវបានដកចេញវិញ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារលើប្រទេសដែនកោះប៉ាពូអាស៊ី នូវែលហ្គីណេផងដែរ កាលពីឆ្នាំ២០១៨ ដោយនៅពេលនោះបានផ្ដាច់ជីវិតមនុស្សជាង ១០០នាក់ និងការបង្កការខូចខាតផ្ទះរាប់ពាន់ខ្នង៕