(វែលីងតោន)៖ មនុស្ស ៥នាក់បានស្លាប់ បន្ទាប់ពីទូក១គ្រឿងក្រឡាប់ក្នុងទឹក ក្រោយចាកចេញពីកោះខាងត្បូងនៃប្រទេសនូវែលសេឡង់ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីលោត «សញ្ញា» បញ្ជាក់ថាទូកនេះបានបើកទៅបុកចំ ត្រីបាឡែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ទូកដែលមានមនុស្សចំនួន ១១នាក់ នៅលើនោះដែលភាគច្រើនមកពីក្រុមមើលសត្វស្លាប បានក្រឡាប់នៅក្នុងទឹក នៅវេលាពីម៉ោង១០ព្រឹក (ម៉ោងក្នុងតំបន់) នៅឯ Goose Bay ចម្ងាយប្រហែល ១៥គីឡូម៉ែត្រ ពីភាគខាងត្បូងនៃតំបន់កៃកូអ៊ូរ៉ា (Kaikoura) ។ ប្រតិបត្តិការជួយសង្គ្រោះដែលមានរយៈពេលជិតប្រាំពីរម៉ោងបានបញ្ចប់ នៅពេលដែលក្រុមអ្នកមុជទឹករបស់ប៉ូលិសបានរកឃើញសាកសព ៥នាក់ ពីខាងក្នុងទូក។ រីឯមនុស្ស ៦នាក់ ត្រូវបានគេជួយ សង្គ្រោះដោយរងរបួសស្រាល។
អភិបាលតំបន់ Kaikoura លោក ក្រេក ម៉ាកខល (Craig Mackle) បានប្រាប់ AFP ថាមាន «ការចង្អុលបង្ហាញ» ថាទូកបានបុកជាមួយត្រីបាឡែន។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសមិនធ្វើអត្ថាធិប្បាយលម្អិតនោះទេ ខណៈដែលការស៊ើបអង្កេតរបស់ពួកគេនៅតែបន្ត។
គួរបញ្ជាក់ថា Kaikoura គឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមមួយ ដោយសារតែនៅទីនោះមានសត្វព្រៃដ៏សម្បូរបែប និងជាទីមើលត្រីបាឡែនលំដាប់កំពូលរបស់ប្រទេសនូវែលសេឡង់៕