(តូក្យូ)៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានរាយការណ៍ថា ជប៉ុននិងសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយគ្នាស្តីពីការរៀបចំឱ្យមានកិច្ចប្រជុំកំពូល រវាងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅទីក្រុងញូយ៉ក ខ្ទង់ថ្ងៃទី២០ ខែកញ្ញានេះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់អាស៉ីបូព៌ា។
ដោយផ្អែកលើប្រភពពី ក្រុមមន្រ្តីរដ្ឋាភិបាលប្រទេសទាំងពីរ Kyodo បានអះអាងថា ការបង្កើនសម្ពាធរបស់ចិនលើតៃវ៉ាន់, ការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ព្រមទាំងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នឹងស្ថិតក្នុងចំណោមបញ្ហាជាច្រើន ដែលនឹងត្រូវលើកយកមកពិភាក្សា ហើយជំនួបនោះប្រហែលជានឹងប្រព្រឹត្តទៅ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ក្នុងថ្ងៃសៅរ៍ដដែលនេះ បើតាមសេចក្តីរាយការណ៍ របស់ស្ថានីយទូរទស្សន៍ជប៉ុន TV Asahi លោក គីស៉ីដា ក៏ទំនងជានឹងទៅចូលរួម ព្រះរាជពិធីបុណ្យសពនៃម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ នៅចក្រភពអង់គ្លេស ជាមួយអធិរាជប៉ុន ព្រះចៅ ណារូហ៉ីតុ (Naruhito) ផងដែរ មុនពេលទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ចំណែកលោក បៃដិន បានប្រាប់ថា រូបលោកនឹងទៅចូលរួមពិធីបុណ្យសពម្ចាស់ក្សត្រិយ៍ដូចគ្នា៕