(ឡុងដ៍)៖ នៅថ្ងៃសៅរ៍នេះ ព្រះអង្គ ឆាលស៍ទី៣ (Charles III) ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសផ្លូវការ ជាព្រះមហាក្សត្រថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីមាតាទ្រង់គឺម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ (Elizabeth II) បានយាងចូលទិវង្គតក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។
នៅពេលដែលម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត បានសោយទិវង្គត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយគ្រងរាជ្យរយៈពេលជាង៧០ឆ្នាំ គឺព្រះអង្គ ឆាលស៍ បានឡើងស្នងរាជ្យជាភ្លាមៗតែម្តង។ ប៉ុន្តែក្រុមប្រឹក្សារាជសម្បត្តិបានជួបជុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីប្រកាសជាផ្លូវការអំពីការស្នងរាជ្យរបស់ទ្រង់ ហើយអគ្គមហេសីទ្រង់ ខាមីលឡា (Camilla) និងព្រះបុត្រាច្បងនិងជាព្រះរជ្ជទាយាទ គឺព្រះអង្គម្ចាស់ វីលៀម (William) ក៏ដូចជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី លោកស្រី លីស ត្រាស់ (Liz Truss) ស្ថិតក្នុងចំណោមបុគ្គលដែលត្រូវចុះហត្ថលេខា ទៅលើសេចក្តីប្រកាសនោះ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានប្រកាសរយៈពេលកាន់ទុក្ខ រហូតទាល់តែដល់ពេល ព្រះរាជពិធីបុណ្យសពសម្រាប់ម្ចាស់ក្សត្រិយ៍ អេលេហ្សាបេត ត្រូវបញ្ចប់រួចរាល់។ យ៉ាងណាមិញ កាលបរិច្ឆេទគឺមិនទាន់ត្រូវបានប្រកាសទេ ប៉ុន្តែត្រូវគេរំពឹងថានឹងរៀបចំឡើង ក្នុងពេលជាង១សប្តាហ៍ក្រោយការយាងចូលទិវង្គត។
ដោយឡែក សម្រាប់ព្រះរាជពិធិរាជាភិសេកសម្រាប់ព្រះអង្គ ឆាលស៍ វិញ គឺនឹងត្រូវប្រារព្ធឡើងនៅពេលក្រោយទៀត ហើយក៏មិនច្បាស់ថានៅពេលណាឱ្យប្រាកដនោះដែរ។ កាលពីជំនាន់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត គឺទ្រង់បានឡើងសោយរាជ្យ នៅខែកុម្ភៈ ឆ្នាំ១៩៥២ ប៉ុន្តែទាល់តែ១៦ខែក្រោយមក ទើបព្រះរាជពិធិរាជាភិសេករបស់ទ្រង់ ត្រូវបានរៀបចំឡើង គឺនៅខែមិថុនា ឆ្នាំ១៩៥៣៕