(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នឹងធ្វើឱ្យការធ្វើដំណើរចូលទៅកាន់ប្លុករបស់ខ្លួន មានលក្ខណៈលំបាកហើយមានតម្លៃថ្លៃជាងមុន សម្រាប់ជនជាតិរុស្ស៉ីទាំងអស់ ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ បន្ទាប់ពីការផ្អាកកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការជាមួយរុស្ស៉ី ត្រូវបានអនុម័តគាំទ្រជាផ្លូវការ ដើម្បីឆ្លើយតបការបង្កសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលប្រមូលផ្តុំរដ្ឋជាសមាជិករបស់ EU កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចអនុម័តជាផ្លូវការនូវការសម្រេច ផ្អាកកិច្ចព្រមព្រៀងទិដ្ឋាការខាងលើ ចាប់ពីថ្ងៃទី១២ ខែកញ្ញានេះ បន្ទាប់ពីកិច្ចព្រមព្រៀងនោះ ត្រូវបានអនុវត្តតាំងតែពីឆ្នាំ២០០៧មកម្ល៉េះ។ កិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការ ផ្តល់សិទ្ធិពិសេសក្នុងការចូលទៅ EU សម្រាប់ពលរដ្ឋនៃប្រទេសជាដៃគូ ដែលត្រូវបានជឿទុកចិត្ត។
ចំណាត់ការខាងលើនឹងធ្វើឱ្យ ថ្លៃដាក់ពាក្យស្នើសុំទិដ្ឋាការពីសំណាក់ពលរដ្ឋរុស្ស៉ី កើនពី៣៥អឺរ៉ូ (៣៥ដុល្លារ) ដល់៨០អឺរ៉ូ, តម្រូវឱ្យបង្ហាញភស្តុតាងជាឯកសារច្រើនជាងមុន, ពេលវេលាត្រួតពិនិត្យឯកសារនឹងយូរជាងមុន, ហើយនឹងមានគោលការណ៍តឹងរ៉ឹងជាងមុន សម្រាប់ការចេញទិដ្ឋាការប្រភេទចូលបានច្រើនលើក។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានព្រមានឆ្លើយតបប្រឆាំងចំណាត់ការខាងលើ ប៉ុន្តែនឹងមិនបិទព្រំដែនខ្លួនទាំងស្រុងចំពោះ EU ឡើយ។ កាលពីសប្តាហ៍មុន ក្រុមរដ្ឋមន្រ្តីការបរទេស EU ឯកភាពគ្នាផ្អាកកិច្ចព្រមព្រៀងទិដ្ឋាការនោះ ជំនួសជម្រើសនៃការដាក់បម្រាមទិដ្ឋាការតែម្តង ទៅលើពលរដ្ឋរុស្ស៉ីទាំងអស់ ដែលអ៊ុយក្រែននិងសមាជិក EU ខ្លះ បានអំពាវនាវ។
ដោយឡែក ប្រទេស EU មួយចំនួន រួមមានអេស្តូនី ឡេតូនី និងលីទុយអានី បានសម្រេចហាមឃាត់ពលរដ្ឋរុស្ស៉ីទាំងអស់ ធ្វើដំណើរចូលប្រទេសពួកគេ មិនថាពីប្រទេសរុស្ស៉ីផ្ទាល់ ឬក៏បេឡារុសនោះឡើយ ចាប់ពីពាក់កណ្តាលខែកញ្ញានេះតទៅ ប៉ុន្តែមានការលើកលែងខ្លះៗ ដូចជាសម្រាប់អ្នកការទូត និងអ្នកបើករថយន្តដឹកទំនិញ ជាដើម៕