(ហ្សឺណែវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) បានអនុម័តលើការតែងតាំង លោក វ៉ូលកឺ ថឺក (Volker Turk) ជនជាតិអូទ្រីស ឱ្យធ្វើជាឧត្តមស្នងការថ្មីរបស់ UN ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។
ការតែងតាំងរបស់លោក Volker Turk ត្រូវបានស្នើឡើងដោយ អគ្គលេខាធិការ UN ផ្ទាល់ គឺលោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) ដើម្បីជំនួសលោកស្រី មីឈែល បាឆេឡេត (Michelle Bachelet) ដែលអាណត្តិឧត្តមស្នងការសិទ្ធិមនុស្សរបស់លោកស្រី បានបញ្ចប់កាលពីថ្ងៃទី៣១ សីហា។ លោកស្រី Bachelet ដែលជាជនជាតិស៉ីលី បានឡើងកាន់តំណែងដំបូង កាលពីឆ្នាំ២០១៨ និងមានឱកាសកាន់បានមួយអាណត្តិទៀត ប៉ុន្តែកន្លងមកលោកស្រីបានប្រកាសថា នឹងមិនបន្តតួនាទីទៀតទេ។
គួរបញ្ជាក់ថា សម្រាប់លោក Turk វិញ ដែលមានវ័យ៥៧ឆ្នាំ គឺបានចំណាយពេលវេលាភាគច្រើន នៃអាជីពរបស់លោក នៅក្នុងប្រព័ន្ធរបស់ UN ជាមួយការផ្តោតជាពិសេសទៅលើបញ្ហាជនភៀសខ្លួន។ លោកធ្លាប់បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោក Antonio Guterres កាលពីពេលលោក Guterres នៅកាន់តួនាទីជា ឧត្តមស្នងការ UN ទទួលបន្ទុកបញ្ហាជនភៀសខ្លួន។ ចំណេក មុនពេលតែងតាំងជាមេសិទ្ធិមនុស្ស UN លោក Turk បានកាន់ការងារនៅការិយាល័យលោក Guterres ក្នុងនាមជា អគ្គលេខាធិការរងទទួលបន្ទុកគោលនយោបាយ៕