(តូក្យូ)៖ ឥណ្ឌា និងជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាឲ្យកាន់តែស៉ីជម្រៅ ហើយប្រទេសទាំងពីរក៏គ្រោងនឹងរៀបចំសមយុទ្ធយោធារួមគ្នា ដោយប្រើយន្តហោះចម្បាំងកងទ័ពអាកាសរបស់ពួកគេ ជាដើម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២២។

ការប្រកាសខាងលើនេះបានធ្វើឡើងក្នុងជំនួបរវាង រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា លោក រ៉ាចណាត់ សាញ (Rajnath Singh) ជាមួយសមភាគីជប៉ុនលោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) នៅទីក្រុងតូក្យូ មុនពេលចាប់ផ្តើមកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ ក្នុងទម្រង់២បូក២ (two-plus-two)។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិឥណ្ឌា បានអំពាវនាវដល់ឲ្យមានការវិនិយោគរបស់ជប៉ុន នៅក្នុងវិស័យការពារជាតិឥណ្ឌា។ ជាមួយគ្នានេះ រដ្ឋមន្រ្តីទាំងពីរបានព្រមព្រៀងគ្នាថា នឹងរៀបចំឲ្យមានការធ្វើសមយុទ្ធយន្តហោះចម្បាំងលើកដំបូង ជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិកាន់តែច្រើនឡើង រវាងកងទ័ពអាកាសឥណ្ឌា-ជប៉ុន។

គួរបញ្ជាក់ថា ឥណ្ឌា ក៏ដូចជាជប៉ុន កំពុងពង្រឹងកម្លាំងយោធារបស់ខ្លួន ដើម្បីដោះស្រាយនូវអ្វីដែលខ្លួនមើលឃើញថា ជាការគំរាមកំហែងផ្នែកសន្តិសុខ ក្នុងនោះរួមទាំងមកពីប្រទេសជិតខាងរបស់ខ្លួន គឺចិនផងដែរ។ ជប៉ុន និងឥណ្ឌា ក៏ជាសមាជិកនៃក្រុមប្រទេសក្វាដ (Quad) រួមជាមួយអូស្រ្តាលី និងសហរដ្ឋអាមេរិកទៀតផង ដែលជាទៀងទាត់បានរៀបចំធ្វើ សមយុទ្ធកងទ័ពជើងទឹក នៅទូទាំងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ជាការបង្ហាញពីសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា៕